ឯកឧត្តម គួច ចំរើន ជំរុញឱ្យក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន បញ្ចប់ការសាងសង់មុនរដូវវស្សា
AKP កណ្ដាល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការជំរុញ និងណែនាំដល់ក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន ឱ្យបញ្ចប់ការសាងសង់រួចរាល់មុនរដូវវស្សា ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ស្រុកលើកដែក កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពាន កោះចំរើន ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការបញ្ចប់ការសាងសង់មុនរដូវវស្សានេះគឺ ដើម្បីសម្រួលដល់ការដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសការដឹកកសិផលរបស់ប្រជាកសិករមានភាពងាយស្រួល ក្នុងរដូវវស្សាខាងមុខនេះ។ ទន្ទឹមនឹងនោះ ស្ពាននេះបានកាត់បន្ថយហានិភ័យក្នុងការធ្វើដំណើរទៅវិញទៅមកដោយទូកនារដូវស្សា ដែលអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋពិសេសសិស្សសាលាតូចៗផងដែរ។ ក្រុមហ៊ុនត្រូវធានាបានថា ការសាងសង់ប្រកបដោយបទដ្ឋានបច្ចេកទេស គុណភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ផងដែរថា ស្ពានបេតុងអាម៉េ មានបណ្ដោយប្រវែង ៥៤ម៉ែត្រ ទទឹង ៨ម៉ែត្រ មានលូជ្រុងប្រវែង ១២ ម៉ែត្រ គុណ ២ម៉ែត្រ ១កន្លែង ដែលមកទល់ពេលនេះសាងសង់បានប្រមាណ ៥៨ភាគរយ ហើយ៕
ដោយ ណយ នឿន ( ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





