សារមន្ទីរ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា បន្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការអប់រំសេដ្ឋកិច្ច
AKP ភ្នំពេញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥៖
សារមន្ទីរសេដ្ឋកិច្ច និង រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី បន្ត ភាពជាដៃគូប្រកប ដោយជោគជ័យ ក្នុងការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចក្នុងសម្រាប់យុវជនកម្ពុជាក្រោមលក្ខខណ្ឌដូចគ្នាក្នុង កិច្ច ព្រមព្រៀងដំបូង ដែលត្រូវ បាន ចុះហត្ថលេខា កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ពិធី ចុះ ហត្ថលេខា នេះបានប្រព្រឹត្តិទៅ នៅសារមន្ទីរ ស.ស.រ ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

ផ្អែកលើសមិទ្ធផលដែល ទទួល បាន ក្នុងឆ្នាំកន្លងមក អនុស្សរណៈនៃការយោគយល់គ្នាដែលយើង បានបន្តចុះ ស្តីអំពី « កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច » បញ្ជាក់សា ជាថ្មីពីការប្តេជ្ញាចិត្តរបស់វិស័យធនាគារចំពោះការអប់រំសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមនេះបង្កើនលទ្ធភាពឱ្យ សិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ អាចមកទស្សនា សារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា បានកាន់តែច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ។

មកទល់បច្ចុប្បន្ន តាម រយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបាន រួមចំណែកក្នុងមូលនិធិសម្រាប់ ចំណាយ លើថ្លៃដឹកជញ្ជូននិងថ្លៃទស្សនា និង បានផ្តល់ឱកាសដល់សិស្សានុសិស្ស ប្រមាណ ៩,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុង រាជធានីភ្នំពេញ ពីតំបន់ក្បែររាជធានីភ្នំពេញ និងពីខេត្តកំពង់ធំ អាច សិក្សាឈ្វេងយល់ បង្កើនកម្រិត វប្បធម៌ និងការយល់ដឹងរបស់ពួកគេ អំពីប្រវត្តិសាស្រ្តរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ដោយសារ អនុស្សរណៈនៃការយោគយល់គ្នានេះ ចំនួន សិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋដែលបានមកទស្សនាសារមន្ទីរ ស.ស.រ បានកើនឡើងទ្វេដង ក្នុងរយៈពេលមួយឆ្នាំ ដែលគិតជាភាគរយប្រមាណ ៥៥% ខណៈដែល សិស្ស មក ពី គ្រឹះស្ថានអប់រំឯកជនមាន ៤៥% ។
លោក រ័ត្ន សោភ័ណ ប្រធានសមាគម ធនាគារ នៅ កម្ពុជាបានមាន ប្រសាសន៍ ថា៖ « អនុស្សរណៈនៃការយោគយល់គ្នានេះ មានអត្ថន័យលើសពីអ្វី ដែល ត្រឹម ជា កិច្ចព្រមព្រៀងផ្លូវការមួយ វាជាការសន្យា ជាមួយនឹង ក្មេងជំនាន់ក្រោយ របស់យើង ដោយផ្តល់ឱកាសឱ្យពួកគេបានឃើញជាក់ស្តែងនូវអ្វីដែលបានរៀននៅសាលា។ ការទស្សនា ទាំងនេះផ្តល់នូវចំណេះដឹង ជួយពួកគេឱ្យយល់អំពីតម្លៃនិងប្រវត្តិរូបិយវត្ថុព្រមទាំងសេដ្ឋកិច្ចរបស់យើង។ តាមរយៈការជំរុញអក្ខរកម្ម ហិរញ្ញវត្ថុតាំងពីវ័យក្មេងបែបនេះ យើងមិនត្រឹមតែរៀបចំយុវជនរបស់យើងឱ្យ ទទួល បាន ជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាង ភាពធន់ និងវិបុលភាពនៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ » ។
ចំណែក ឯ លោក ប្លែស គីលីយ៉ង់ សហប្រធាន សារមន្ទីរ ស.ស.រ បាន មាន ប្រសាសន៍ ថា៖ « យើងខ្ញុំពិត ជា រីករាយនឹងភាពជាដៃគូដ៏ជោគជ័យនេះ ដែលបានអនុញ្ញាតឱ្យសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ រាប់ពាន់នាក់បានមក សិក្សារៀន សូត្រ អំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា។ គម្រោងនេះរួមទាំងបានបន្ត ពង្រឹងនូវបរិយាបន្ន នៃសារមន្ទីរស.ស.រ ផង ដែរ។ ខ្ញុំ សូម ថ្លែង អំណរគុណដល់ សមាគមធនាគារនៅកម្ពុជា និងសមាជិកទាំង អស់ ចំពោះការប្តេជ្ញាចិត្តដ៏សប្បុរសក្នុង ការអប់រំសេដ្ឋកិច្ច ហើយយើងខ្ញុំ រង់ចាំបន្តកិច្ចសហប្រតិបត្តិការរបស់យើង និងពង្រីកទៅ ដល់ គ្រឹះស្ថានអប់រំជា ច្រើន ទៀត នៅ ក្នុង រាជធានី និង ខេត្តនានា » ។
ដោយ សម្ដែង ការ អបអរសាទរ ដល់ភាគីពាក់ព័ន្ធទាំងអស់ ឯកឧត្តមបណ្ឌិត ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានប្រកាសថា៖ « កិច្ចសហប្រតិការរវាងវិស័យឯកជននិងវិស័យសាធារណៈជាកត្តាចាំបាច់សម្រាប់វឌ្ឍនភាពសង្គមជាតិយើង »។
គួរបញ្ជាក់ថា ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពភ្លាមៗរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង អាច បន្តសាជាថ្មី នាពេលខាងមុខ ៕
ដោយ៖ ចរិយា ប្រភព៖ NBC





