សហរដ្ឋអាមេរិកបាញ់សាកល្បងមីស៊ីលអន្តរទ្វីប Minuteman III
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់មូលដ្ឋាន បានឱ្យដឹងថា បញ្ជាការវាយប្រហារសកលរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមីនូតេមេន ៣ (Minuteman III) (ICBM) ពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
សេចក្តីថ្លែងការណ៍បានសរសេរថា «មីស៊ីលផ្លោងអន្តរទ្វីប Minuteman III ដែលគ្មានអាវុធបានបាញ់បង្ហោះក្នុងអំឡុងពេលធ្វើតេស្តប្រតិបត្តិការនៅម៉ោង ១:០០នាទីព្រឹក (ម៉ោងនៅប៉ាស៊ីហ្វិក) ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមូលដ្ឋានទ័ពអវកាស Vandenberg រដ្ឋកាលីហ្វ័រញ៉ា»។
បញ្ជាការការវាយប្រហារសកលរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយមុននេះថា «គោលបំណងនៃកម្មវិធីបាញ់សាកល្បងមីស៊ីល ICBM គឺដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងផ្តល់នូវទំនុកចិត្តលើភាពខ្លាំង និងប្រសិទ្ធភាពនៃការរារាំងនុយក្លេអ៊ែររបស់ប្រទេស»។ បញ្ជាការបានបន្ថែមថា «ស្របតាមការបាញ់សាកល្បងពីមុន ការបាញ់សាកល្បងមីស៊ីល ICBM នេះនឹងធ្វើឱ្យមានសុពលភាព និងផ្ទៀងផ្ទាត់ប្រសិទ្ធភាព ការត្រៀមខ្លួន និងភាពត្រឹមត្រូវនៃប្រព័ន្ធអាវុធ»៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





