វៀតណាម និងអេត្យូពី សម្លឹងមើលការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពល
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសវៀតណាម និងអេត្យូពី បានព្រមព្រៀងគ្នាពិចារណាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជាការកែច្នៃម្ហូបអាហារ ផលិតផលក្នុងទឹក ឱសថ ផលិតផលហាឡាល់ និងវាយនភណ្ឌជាដើម។
ការឯកភាពគ្នានេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរួមលើកដំបូងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី ង្វៀន មិញហាង (Nguyen Minh Hang) និងរដ្ឋមន្ត្រីការបរទេសអេត្យូពី លោក មេសហ្គានូ អាហ្គា (Mesganu Arga) ។
លោកស្រី ហាង បានអះអាងថា ប្រទេសវៀតណាមរក្សាចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយប្រទេសអេត្យូពី។
ដោយទទួលស្គាល់នូវសេចក្តីប្រាថ្នារួមគ្នារបស់ប្រទេសទាំងពីរសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព ការច្នៃប្រឌិត ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល លោកស្រីបានសង្កត់ធ្ងន់លើសក្តានុពលដ៏ធំសម្រាប់ទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ។
លោកស្រីបានស្នើឱ្យកំណត់គោលដៅដែលអាចធ្វើទៅបាន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ជាពិសេសលើវិស័យដែលមានភាពខ្លាំងរបស់ប្រទេសវៀតណាម ដូចជាទូរគមនាគមន៍ ការផ្លាស់ប្តូរឌីជីថល សេវាកម្មឌីជីថល កសិកម្ម និងទេសចរណ៍។
ចំណែកលោក អាហ្គា បានកោតសរសើរចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសវៀតណាម និងបានកត់សម្គាល់ពីបំណងប្រាថ្នារបស់ប្រទេសអេត្យូពីសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំលើវិស័យផ្សេងៗ។ លោកបានលើកទឹកចិត្តឱ្យអាជីវកម្មវៀតណាមស្វែងរកកាលានុវត្តភាពនៅក្នុងប្រទេសអេត្យូពី ជាពិសេសក្នុងវិស័យកសិកម្មកែច្នៃ ឱសថ ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងសន្តិសុខតាមអ៊ីនធឺណិត។
ភាគីទាំងពីរបានឯកភាពបង្កើនការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងសហភាពអាហ្វ្រិក ក៏ដូចជារវាងប្រទេសអេត្យូពី និងអាស៊ាន៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





