វៀតណាម និងគុយបា ពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ប៊ុយ ថាញ់សុន (Bui Thanh Son) និងរដ្ឋមន្ត្រីក្រសួងការបរទេសគុយបា លោក ប្រ៊ូណូ រ៉ូដ្រីហ្គេហ្ស ប៉ារីលឡា (Bruno Rodríguez Parrilla) បានពិភាក្សាអំពីទិសដៅ និងវិធានការជំរុញទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរក្នុងជំនួបសន្ទនានៅទីក្រុងហាណូយ កាលពីថ្ងៃទី១៩ ខែកុម្ភៈ។
លោក សុន បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍប្រកបដោយផ្លែផ្កានៃទំនាក់ទំនងវៀតណាម-គុយបា លើគ្រប់បណ្តាញទំនាក់ទំនងការទូតរបស់បក្ស រដ្ឋ និងប្រជាជន ហើយលោកបានអះអាងម្តងទៀតថា បក្ស និងរដ្ឋវៀតណាម យកចិត្តទុកដាក់ចំពោះទំនាក់ទំនងពិសេសជាមួយប្រទេសគុយបា ដែលជាប្រទេសដំបូងគេនៅអឌ្ឍគោលលោកខាងលិចបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសវៀតណាម។
លោកបានមានប្រសាសន៍ថា ប្រទេសវៀតណាមតែងតែតាមដានយ៉ាងជិតស្និទ្ធ និងចែករំលែកការព្រួយបារម្ភអំពីស្ថានភាពរបស់ប្រទេសគុយបា ដោយលោកជឿជាក់ថា បក្ស រដ្ឋ និងប្រជាជនគុយបា នឹងជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ហើយបន្តដំណើរទៅមុខយ៉ាងខ្ជាប់ខ្ជួនលើមាគ៌ាការពារសន្តិភាព និងការអភិវឌ្ឍជាតិ ព្រមទាំងលើកកម្ពស់តួនាទី និងជំហររបស់ប្រទេសគុយបាលើឆាកអន្តរជាតិ។
ចំណែកឯលោក ប្រ៊ូណូ ប៉ារីលឡា (Bruno Parrilla) ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ បានមានប្រសាសន៍ថា បក្ស រដ្ឋ និងប្រជាជនគុយបា តែងតែយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព និងការគាំទ្រដ៏មានតម្លៃដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានបន្តមកលើប្រទេសគុយបាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។
ភាគីទាំងពីរបានឯកភាពសម្របសម្រួល និងអនុវត្តន៍វិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរកម្រិតកំពូល ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង និងយន្តការរវាងភាគី និងរដ្ឋ ជាពិសេសក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ទៅកាន់ប្រទេសគុយបាក្នុងខែកញ្ញា ឆ្នាំ២០២៤ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពល ជីវបច្ចេកវិទ្យា និងឱសថ៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





