អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងបង្ហាញពីក្ដីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននៅឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមស្ថានទូតចិនប្រចាំនៅប្រទេសកូរ៉េខាងជើងកាលពីថ្ងៃពុធ បានឱ្យដឹងថា អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បានបង្ហាញពីក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយប្រទេសចិនក្នុងឆ្នាំនេះ ក្នុងអំឡុងពេលជួបជាមួយប្រេសិតកំពូលរបស់ទីក្រុងប៉េកាំងប្រចាំទីក្រុងព្យុងយ៉ាង នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកូរ៉េខាងជើងកាលពីថ្ងៃពុធ។
យោងតាមគេហទំព័ររបស់បេសកកម្មការទូតចិន បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ផាក យ៉ុងហូ (Pak Myong-ho) បានធ្វើការកត់សម្គាល់ក្នុងជំនួបជាមួយ លោក វ៉ាង យ៉ាជុន (Wang Yajun) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកូរ៉េខាងជើង។
លោក ផាក បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹង «ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ» ដើម្បីជំរុញទំនាក់ទំនងរបស់ពួកគេ ដោយលោកបានសង្កត់ធ្ងន់ថា ឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការបង្កើតគណបក្សពលករកូរ៉េខាងជើងដែលកំពុងកាន់អំណាច និងជាឆ្នាំចុងក្រោយនៃផែនការប្រាំឆ្នាំលើកទី១៤ របស់ប្រទេសចិន។
យោងតាមស្ថានទូត បានឱ្យដឹងថា លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសកូរ៉េខាងជើងនៅឆ្នាំនេះ ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
កាលពីឆ្នាំមុន គឺជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសកូរ៉េខាងជើង និងចិន ដែលត្រូវបានគេហៅថា «ឆ្នាំនៃមិត្តភាពកូរ៉េខាងជើង-ចិន»។ ប៉ុន្តែប្រទេសទាំងពីរបានរំលងការប្រារព្ធពិធីធំៗ និងការផ្លាស់ប្តូរមន្ដ្រីកម្រិតកំពូល ខណៈដែលប្រទេសកូរ៉េខាងជើងបាននឹងកំពុងពង្រឹងទំនាក់ទំនងយោធាជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





