អង្គការ CI បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដល់អង្គការក្រៅរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥--
អង្គការអភិរក្សអន្តរជាតិកម្ពុជា CI កាលពីចុងសប្តា៍មុន បានរៀបចំវគ្គចែករំលែកមួយ អំពីប្រធានបទ “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) សម្រាប់ការងារក្នុងអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពហុភាសា”។

មន្ត្រីអង្គការ CI បានឱ្យនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៥ថា វគ្គនេះជាវគ្គទីបីហើយក្នុងឆ្នាំ២០២៥ ដែលធ្វើឡើងពីរសប្តាហ៍ម្តងរៀងរាល់ថ្ងៃសុក្រ ដើម្បីលើកកម្ពស់វប្បធម៌នៃការចែករំលែកចំណេះទៅវិញទៅមក ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈ របស់បុគ្គលិក ព្រមទាំងធានានូវការអនុវត្តការងារប្រកបដោយផលិតភាពនៅអង្គការCI។

ការណ៍នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការ CI លើការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក បង្ហាញស្មារតីធ្វើការរួមគ្នាជាធ្លុងមួយ និងពង្រឹងកិច្ចសហការអន្តរវិស័យក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សក្នុងប្រទេសកម្ពុជា ។ ក្នុងឱកាសនោះ លោក Nathan Alexander Conaboy ប្រធានជាន់ខ្ពស់ផ្នែកគ្រប់គ្រងតំបន់ទេសភាពនៃអង្គការ CI បានចែករំលែកជូនសហការីនូវចំណេះដឹងអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI បង្កើននូវភាពភាពច្នៃប្រឌិត ប្រសិទ្ធភាព និងផលិតភាពការងារក្នុងអង្គភាពទាំងមូល៕

ដោយ ណយ នឿន (ប្រភព៖ CI )





