ការព្រមានទុកជាមុន គឺជាការចាត់វិធានការទាន់ពេលវេលា ការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- តើព័ត៌មានទាន់ពេលវេលាអាចជួយកម្ពុជាក្នុងការត្រៀមលក្ខណៈទុកជាមុនចំពោះហានិភ័យ និងការពារសហគមន៍ងាយរងគ្រោះពីបញ្ហាអសន្តិសុខស្បៀងបានយ៉ាងដូចម្តេច? ការព្រមានទុកជាមុន គឺជាការចាត់វិធានការទាន់ពេលវេលា ការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។

មន្ត្រីអង្គការ FAO បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ ថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការនូវ «របាយការណ៍តាមដានរួមប្រចាំខែ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា»។

តាមរយៈការប្រមូលផ្តុំព័ត៌មាន ស្តីពីអាកាសធាតុ កសិកម្ម ទីផ្សារស្បៀងអាហារ និន្នាការសេដ្ឋកិច្ច និងស្ថានភាពគ្រួសារ គំនិតផ្តួចផ្តើមនេះមានគោលបំណងកំណត់ហានិភ័យដែលកំពុងកើតឡើង គាំទ្រដល់ការសម្រេចចិត្តដោយផ្អែកលើមូលដ្ឋានព័ត៌មានច្បាស់លាស់ និងតម្រង់ទិសឆ្ពោះទៅរកការចាត់វិធានការទាន់ពេលវេលា។ នៅពេលដែលបញ្ហាប្រឈមផ្នែកអាកាសធាតុ និងសម្ពាធសេដ្ឋកិច្ចបន្តជះឥទ្ធិពលដល់សហគមន៍នានា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងជួយពង្រឹងការសម្របសម្រួល លើកកម្ពស់ការត្រៀមលក្ខណៈទុកជាមុន និងគាំទ្រដល់ការឆ្លើយតបបានទាន់ពេលវេលា ដើម្បីការពារគ្រួសារដែលងាយរងគ្រោះ។

នៅពេលទទួលព័ត៌មានកាន់តែប្រសើរ នាំឱ្យមានការចាត់វិធានការបានកាន់តែឆាប់រហ័ស ដែលជួយកសាងប្រទេសកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានសន្តិសុខស្បៀង៕
ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ FAO)





