អាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំធ្វើការស្ថាបនាផ្លូវក្រាលកៅស៊ូឆ្ពោះទៅព្រំដែនក្នុងស្រុកស្វាយចេកឱ្យល្អប្រសើរឡើងវិញជូនប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥-- អាជ្ញាធរខេត្តបន្ទាយមានជ័យ និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាន និងកំពុងរៀបចំធ្វើការស្ថាបនាលើគម្រោងផ្លូវខេត្តលេខ២៥៦១ (ហៅផ្លូវតែហាំង) ប្រវែងសរុប២៥គីឡូម៉ែត្រ ដោយក្រាលកៅស៊ូ ដែលបំបែកពីផ្លូវជាតិលេខ៥៦ ត្រង់មុខអនុវិទ្យាល័យតាបែនភ្ជាប់ទៅផ្លូវជាតិលេខ៥៨ ត្រង់តំបន់១ឆ្ពោះទៅព្រំដែន ស្ថិតនៅភូមិសាស្ត្រឃុំតាបែននិងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យឱ្យល្អប្រសើរឡើងវិញដើម្បីជាការឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅតំបន់ជាប់ព្រំដែនប្រទេសថៃមួយនេះទន្ទឹងរង់ចាំជាយូរមកហើយនោះ។

ក្នុងឱកាសរួមដំណើរជាមួយលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលបាន ដឹកនាំក្រុមការងារចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីស្នើសុំដោះស្រាយផលប៉ះពាល់របងលើការស្ថាបនាផ្លូវក្រាលល្បាយថ្ម ប្រវែង៨គីឡូម៉ែត្រ ស្ថិតនៅឃុំស្លក្រាម និងឃុំតាបែន ស្រុកស្វាយចេកកាលពីចុងសប្តាហ៍នេះ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រាប់ឱ្យដឹងថា ផ្លូវនេះបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនអឹង សឹមស៊ា មកពីរាជធានីភ្នំពេញ ដែលដេញថ្លៃបានពីការស្ថាបនាផ្លូវនេះបានដាក់គ្រឿងចក្រចុះអនុវត្តគម្រោងផ្លូវ២៥៦១ ហៅផ្លូវតែហាំងបំបែកពីផ្លូវជាតិលេខ៥៦ ឆ្ពោះទៅផ្លូវលេខ៥៨ ប្រវែង២៥ គីឡូម៉ែត្រតាមរយ:ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រើប្រាសថវិកាហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA)។

លោក សុក ចាន់ថា បានឱ្យដឹងទៀតថា គេអនុវត្តជំហាន១ ដោយលើកគ្រឹះក្រាលគ្រួស ល្បាយថ្មប្រវែង៨គីឡូម៉ែត្រ លើ២៥គីឡូម៉ែត្រសិន និងបន្តជាជំហានៗ រហូតដល់គោលដៅកំណត់ ឈានទៅក្រាលកៅស៊ូ បញ្ចប់គម្រោងនេះ។

ចំណែកលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពេលនេះមន្ត្រីអាជ្ញាធរ និងជំនាញ ក៏ដូចជាភាគីពាក់ព័ន្ធមកពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីស្នើសុំដោះស្រាយផលប៉ះពាល់របង សំណង់ និងដីធ្លីទាំងឡាយជាមុន។

លោកបានបញ្ជាក់ប្រាប់ថា ផ្លូវខេត្តមួយនេះនៅពេលស្ថាបនាហើយនោះមានសារៈសំខាន់ណាស់មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាសរសៃឈាមសេដ្ឋកិច្ចដែលអាចសម្រួលដល់ការផ្លាស់ប្តូរផលិតផល សកម្មភាពពាណិជ្ជកម្ម និងសុខាភិបាលទៅមក រវាងប្រជាពលរដ្ឋថៃ និងកម្ពុជា ហើយក៏អាចសម្រួលដល់វិស័យទេសចរណ៍ពីប្រទេសថៃមកទស្សនាតំបន់ទេសចរណ៍នានាក្នុងខេត្តបន្ទាយមានជ័យមានដូចជាតំបន់រមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព ជាដើមនិងឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ផងដែរ៕
ដោយ ឈុន សារ៉ាត





