អគ្គនាយកអាជ្ញាធរជាតិអប្សរាអះអាងថា រយៈពេល២៤ឆ្នាំមកនេះ ភ្ញៀវទេសចរបរទេស ដែលបានចូលមកទស្សនារមណីយដ្ឋានអង្គរមានប្រមាណជាង២៨លាននាក់
AKP សៀមរាប ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥--
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្ត កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០០មកដល់ពេលនេះ រមណីយដ្ឋានអង្គរទទួលបានអ្នកទេសចរបរទេសមកទស្សនាកម្សាន្តប្រមាណជាង២៨លាននាក់។

ឯកឧត្តម ហង់ ពៅ បានមានប្រសាសន៍ថា រមណីយដ្ឋានអង្គរបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាឆ្នាំ១៩៩២ ប៉ុន្តែកាលនោះមិនសូវមានអ្នកស្គាល់អង្គរទេ។ លុះដល់ឆ្នាំ២០០០ ជនបរទេសបានចាប់ផ្តើមស្គាល់ និងមកលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ដ៏ធំរបស់ពិភពលោកមួយនេះ។ លោកថា គិតចាប់ពីឆ្នាំ២០០០មក អ្នកទេសចរបរទេសជាង២៨លាននាក់ បានមកទស្សនាអង្គរ ដោយក្នុងចំណោមនោះ ក៏មានបុគ្គលល្បីៗ និងថ្នាក់ដឹកនាំប្រទេសនានាលើពិភពលោកផងដែរ។ សម្រាប់នៅខែកុម្ភៈ ឆ្នាំ២០២៥នេះ គេសង្កតឃើញថា ចំនួនអ្នកទេសចរបរទេសមានចំនួនកើនឡើងវិញ។

ឯកឧត្តមបន្តថា ជាមួយកំណើននេះ ក្រោមការគិតគូរពីសំណាក់រាជរដ្ឋាភិបាល ទាំងអាណត្តិមុនៗដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងទាំងរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់នៅក្នុងការលើកតម្កើងតម្លៃមរតកវប្បធម៌របស់ដូនតា ដែលការណ៍នេះ យើងអាចរំពឹងខ្ពស់ថា រមណីយដ្ឋានអង្គរ នឹងទទួលបានអ្នកទេសចរបរទេសមកកម្សាន្តកាន់តែច្រើនទ្វេដង។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីសាសនាដើម្បីអបអរខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានពិធីរាប់បាត្រព្រះសង្ឃ ១៣០ អង្គ នៅបរិវេណប្រាសាទបាយ័ន។

ក្រៅពីនេះ ឯកឧត្តមអគ្គនាយកបានរំឭកពីកិច្ចការងារជាច្រើនដែលអាជ្ញាធរជាតិអប្សរាបានធ្វើកន្លងមក ទាំងការងារអភិរក្សប្រាសាទ ទឹក ព្រៃឈើ សហគមន៍ ទេសចរណ៍ និងថែរក្សាមរតករូបី និងអរូបី។ល។ ធ្វើយ៉ាងណាឱ្យតំបន់នេះនៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត មានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។ ឯកឧត្តមក៏មិនភ្លេចរំឭកពីការចូលរួមរបស់ស្ថាប័ន និងអ្នកជំនាញការអន្តរជាតិ ដែលបានចូលរួមនាពេលកន្លងមក និងបានបណ្ដុះបណ្ដាលធនធានជាតិជាច្រើន ឱ្យមានភាពម្ចាស់ការលើកិច្ចការពារ មរតកវប្បធម៌ជាតិខ្លួនឯង៕
ដោយ ឃុត សៅ





