បទយកការណ៍៖ យុវជនកម្ពុជាកាន់តែមានការយល់ដឹងច្រើន និងមិនសូវចាប់អារម្មណ៍ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់១៤កុម្ភៈ ដូចពេលមុនទៀតនោះទេ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០២៥
ទិវាបុណ្យនៃក្ដីស្រឡាញ់ ឬភាសាអង់គ្លេសហៅថា(Valentine’s Day) ជាពិធីបុណ្យមួយរបស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែក៏មានពលរដ្ឋតាមបណ្តាប្រទេសមួយចំនួនបានចូលរួមប្រារព្ធថ្ងៃបុណ្យមួយនេះផងដែរ ដើម្បីបង្ហាញក្តីស្រឡាញ់ដោយសារតែទិវាបុណ្យនៃក្ដីស្រឡាញ់នេះមិនថាជាគូសង្សារ ឬឪពុកម្តាយ ញាតិមិត្តបងប្អូន ឬមនុសុ្សនៅទីកន្លែងធ្វើការងារជាដើមនោះទេគឺបានផ្ដល់ឱ្យនូវក្ដីស្រឡាញ់ដល់មនុស្សគ្រប់ៗគ្នា។

ទិវាបុណ្យនៃសេចក្តីស្រឡាញ់នេះដែរ ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ហើយជារៀងរាល់ឆ្នាំ មនុស្សជាច្រើន តែងយកថ្ងៃបុណ្យនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញបាច់ផ្កា កាដូ វត្ថុអនុស្សាវរីយ៍ ការផ្ញើសារពីក្តីស្រឡាញ់ និងខ្លះទៀតបបួលគ្នីគ្នាទៅបរិភោគអាហារ ជួបជុំជាមួយគ្នាយ៉ាងសប្បាយរីករាយ និងផ្ដល់នូវទឹកចិត្ដស្រស់ស្រាយថែមទៀត។

សម្រាប់ឆ្នាំនេះដែរ ជាការកត់សម្គាល់នៅតាមទីកន្លែងសាធារណៈ សាលារៀន ឬតាមហាងលក់ទំនិញផ្សេងៗនៅក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់នេះ ប្រជាជនកម្ពុជា ជាពិសេសយុវជនហាក់មិនសូវចាប់អារម្មណ៍ និងបង្ហាញនូវសកម្មភាព ឬការរំជើបរំជួលខ្លាំងក្លានោះទេ ដោយសារតែពួកគាត់ភាគច្រើនមានការយល់ដឹងទាក់ទងនឹងអត្ថន័យ ការរស់នៅ ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌របស់ខ្មែរយើង ព្រមទាំងការចូលរួមសិក្សាស្វែងយល់ពីទិវាបុណ្យនៃក្ដីស្រឡាញ់នេះ បានកាន់តែច្បាស់ និងទូលំទូលាយ។

យុវជន រីជ្ជ ភក្តី ដែលកំពុងបំពេញការងារនៅក្រុមហ៊ុនឯកជនមួយកន្លែងបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ថ្ងៃនៃក្តីស្រឡាញ់គឺជាថ្ងៃមួយដែលត្រូវបានយុវជនសម័យថ្មីមួយចំនួនបានចាប់អារម្មណ៍ទៅលើបុណ្យនេះ។ យុវជនភក្ដី បានបន្ដថា តែទោះបីយ៉ាងណាវាមិនខុសឆ្គងអ្វីទេបើគេចង់បង្ហាញទឹកចិត្តនៅថ្ងៃនេះដូចជាការទិញកាដូ ដល់គ្រូបង្រៀន ឪពុកម្តាយ មិត្តភក្តិ ឬសូម្បីតែគូស្នេហ៍របស់គេ។ យុវជនរូបនេះបានប្រាប់ឱ្យដឹងថា៖ «យុវជន ឬសូម្បីតែមនុស្សធំក្តីអាចទិញរបស់របរជូនដល់អ្នកមានគុណដោយក្តីគោរពស្រឡាញ់ដើម្បីបង្ហាញការដឹងគុណ ឬគោរពស្រឡាញ់។ យ៉ាងណាក្តីយុវជនដាច់ខាតមិនត្រូវភ្លើតភ្លើនក្នុងថ្ងៃនេះ ដោយធ្វើទង្វើផ្តេសផ្តាសពីព្រោះថាវាមិនមែនវប្បធម៌របស់យើងទេ និងសូម្បីនៅបរទេសក៏គេមិនធ្វើអ្វីដែលមិនល្អដល់វប្បធម៌ប្រពៃណីគេដែរ»។

ដោយឡែក អ្នកគ្រូ កប គន្ធា ជាគ្រូបង្រៀនផ្នែករូបវិទ្យា សាលារៀនជំនាន់ថ្មីប្រចាំវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញបានលើកឡើងថា ជាទូទៅសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិពុំបានចាប់អារម្មណ៍ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ដូចកាលពីមុនទៀតឡើយ។ អ្នកគ្រូលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ពុំមានសិស្សណាម្នាក់អវត្តមាន ឬបង្ហាញការចាប់អារម្មណ៍ថ្ងៃបុណ្យនៃក្ដីស្រឡាញ់របស់បរទេសនេះឡើយ ពោលគឺសិស្សចូលរៀនជាធម្មតា។

គ្រូបង្រៀនសាលារៀនជំនាន់ថ្មីរូបនេះ បានធ្វើការដាស់តឿនដល់សិស្សានុសិស្សទាំងអស់ មិនត្រូវភ្លើតភ្លើនថ្ងៃបុណ្យរបស់បរទេសមួយនេះឡើយ ហើយពួកគេត្រូវផ្តោតយកចិត្តទុកដាក់ដល់ការសិក្សាជំនួសវិញ ជាជាងចាប់អារម្មណ៍ទៅលើវប្បធម៌បរទេសមួយនេះ។

ជាមួយគ្នានេះ អ្នកគ្រូ កប គន្ធា ក៏បានលើកទឹកចិត្តដល់យុវជនដែលចង់បង្ហាញក្តីស្រឡាញ់នៅថ្ងៃនេះអាចធ្វើបានដោយការទិញផ្កា កាដូ ឬបង្ហាញក្តីស្រឡាញ់ដល់ឪពុកម្តាយ ញាតិមិត្ដ ឬបងប្អូនក្នុងថ្ងៃនេះក៏ជាជម្រើសមួយល្អផងដែរ។

សម្រាប់ទិវាបុណ្យនៃក្ដីស្រឡាញ់នេះ មិនថាតែអ្នករស់នៅរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្ដ ក្រុង ឬស្រុក ខណ្ឌ ទីប្រជុំជននោះទេបានដឹង បានស្គាល់ និងបានផ្ដល់នូវក្ដីគោរព ក្ដីស្រឡាញ់នោះ ប៉ុន្ដែអ្នកដែលរស់នៅតាមតំបន់ដាច់ស្រយ៉ាលជាពិសេសក្រុមជនជាតិភាគតិចព្នង ដែលរស់នៅក្នុងខេត្ដមណ្ឌលគិរី ក៏បានយល់ដឹងផងដែរនៅក្នុងថ្ងៃនៃក្ដីស្រឡាញ់នេះ ដោយពួកគាត់ផ្ដល់ក្ដីស្រឡាញ់ចំពោះក្រុមគ្រួសារ ចំពោះលោកគ្រូ អ្នកគ្រូ និងមិត្ដភក្ដិជាដើម ដោយគោរពទៅតាមវប្បធម៌ ប្រពៃណីរបស់ពួកគេទៅរស់នៅតាមតំបន់ផងដែរ។

អ្នកស្រី ច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ ស្តិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានឱ្យដឹងដែរថា ទិវានៃសេចក្តីស្រឡាញ់នេះបងប្អូនជនជាតិពូនង(ព្នង)ក៏មានមនុស្សចាប់អារម្មណ៍ច្រើនដែរ ពិសេសក្នុងស្រទាប់យុវជន។ អ្នកស្រីបានបញ្ជាក់ឱ្យដឹងថា ដោយឡែកសម្រាប់មនុស្សវ័យកណ្តាល ឬមនុស្សចាស់ពុំមាននរណាស្គាល់បានច្រើន ឬសូម្បីតែចាប់អារម្មណ៍ឡើយសម្រាប់បុណ្យនៃក្ដីស្រឡាញ់នេះ។

ប្រធានសហគមន៍តំបន់ភាគឦសាន្តប្រទេសកម្ពុជារូបនេះបានបន្ថែមថា៖ «បើទោះបីយុវជនបានស្គាល់ថ្ងៃនេះក៏ដោយ បើតាមការសង្កេតឃើញថាមានចំនួនតិចតួចទេ។ ពួកគេខ្លះអាចបង្ហាញត្រឹមតែការនិយាយសាសាងគ្នា ខ្លះផើ្ញសារបង្ហាញក្តីគោរព ស្រឡាញ់ និងច្រើនបំផុតទិញផ្កាជូនលោកគ្រូ អ្នកគ្រូជាដើម»។

សូមជម្រាបជូនថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ បានចេញសេចក្តីអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរម្លឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានៃក្ដីស្រឡាញ់នេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន របស់ក្រុមគ្រួសារ ជាពិសេសចូលរួមថែរក្សាបាននូវអត្ដសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូប មានកាតព្វកិច្ចថែរក្សាការពារ។ ទន្ទឹមនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ថា ការសិក្សាស្វែងឱ្យច្បាស់អំពីឫសគល់ និងប្រភពនៃទិវាបុណ្យនៃក្ដីស្រឡាញ់នេះគឺជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្ដខុស និងការបង្កនូវរូបភាព និងបរិយាកាសសង្គមថ្មី ដែលខុសពីចរិកលក្ខណៈដើមនៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ដល់សីលធម៌ កិត្ដិយស និងសេចក្ដីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ព្រមទាំងសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់រយៈពេលវែងដល់អនាគតនៃបុគ្គលដែលបានប្រព្រឹត្ដខុសគន្លង។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡាក៏បានចេញសេចក្តីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដោយត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្ដីស្រឡាញ់ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីចៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ទន្ទឹមនេះ ត្រូវពង្រឹងការអនុវត្ដវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្ដមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ និងត្រូវអប់រំសីលធម៌តាមមុខវិជ្ជានីមួយៗ។
បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំបានសង្កេតឃើញ សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។
ពាក់ព័ន្ធនឹងការលក់ផ្កា ឬវត្ថុអនុស្សាវរីយ៍នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះដែរ កញ្ញា ប៉ុក ច័ន្ទវលក្ខណ៍ ជាអ្នកលក់ផ្កានៅតាមបណ្ដោយផ្លូវ ២៧១ ក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា ការលក់ផ្កា និងរបស់អនុស្សាវរីយ៍ក្នុងឆ្នាំនេះពុំសូវដាច់ប៉ុន្មាននោះទេពោលគឺដូចតែឆ្នាំមុនៗដែរ។ កញ្ញារូបនេះអះអាងថា៖ «សម្រាប់អ្នកទិញផ្កា និងកាដូនៅក្នុងថ្ងៃនៃក្ដីស្រឡាញ់នេះដែរគឺច្រើនជាយុវជនប៉ុណ្ណោះ»៕
ដោយ៖ ដេប៉ូ និង រិទ្ធី





