រដ្ឋបាលខេត្តកណ្តាលបិទផ្សាយជាសាធារណៈការផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដីជាលក្ខណៈប្រព័ន្ធក្នុងឃុំចំនួន២ ស្រុកពញាឮ
AKP កណ្ដាល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាលបានធ្វើការបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដីចំនួន០៨ភូមិ គឺភូមិស្វាយលាប ភូមិអញ្ចាញ ភូមិស្រែតាមែង ភូមិត្រពាំងជ្រៅ ភូមិស្ពានទំលាប់ ភូមិស្រែភាសេក ភូមិស្តុកឈូក ឃុំទំនប់ធំ និងភូមិថ្លុកត្របែក ឃុំភ្នំបាត ស្រុកពញាឮ ស្មើនឹង៤៩៥៤ក្បាលដី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងដាក់ពាក្យប្តឹងតវ៉ាផ្សេងៗ មុននឹងឈានដល់ការចេញបណ្ណកម្មសិទ្ធិជូន ក្រោមអធិបតីភាព លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះគឺសំដៅបំពេញនីតិវិធីឈានដល់ការចេញបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម គោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ជនបទ សំដៅបង្កើតឱកាសឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលប្រចាំគ្រួសារ។ ដូច្នេះការបិទផ្សាយនៅពេលនេះគឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឱ្យកាន់តែកើនឡើងថែមទៀត។ ប្រជាពលរដ្ឋដែលមានដីក្នុងភូមិខាងលើ សូមមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីថាពិតជាត្រឹមត្រូវដែរឬទេ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីថ្ងៃប្រកាសបិទផ្សាយនេះក្នុងរយៈពេល១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី និងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្ដឹងដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។

បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន។លទ្ធផលដែលសម្រេចបាននាពេលនេះគឺដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ទើបក្រុមការងារសុរិយោដីខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ បានខិតខំប្រឹងប្រែងការងារចុះបញ្ជីនេះបានយ៉ាងរលូន។ សមិទ្ធផលជាច្រើនដែលសម្រេចបានគឺសុទ្ធសឹងតែកើតឡើងដោយក្រុមការងារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនឥតឈប់ឈរ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា នៅក្នុងស្រុកពញាឮ បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមកដល់ពេលនេះមានចំនួន២០លើក និងបានចែកបណ្ណរួចចំនួន១៤លើក សរុបបានចំនួន១៤,៩០៩បណ្ណ៕

ដោយ ណយ នឿន ( ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





