លោក ត្រាំ និយាយថា លោក ពូទីន និងលោក ហ្សេលេនស្គី ចង់បានសន្តិភាព នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានបង្ហាញពីបំណងចង់បានសន្តិភាពនៅក្នុងការជជែកតាមទូរស័ព្ទដាច់ដោយឡែកមួយជាមួយលោកកាលពីថ្ងៃពុធហើយលោក ត្រាំ បានបញ្ជាឱ្យមន្រ្តីកំពូលសហរដ្ឋអាមេរិកចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ការសន្ទនានេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់លោកត្រាំ បាននិយាយនៅពេលមុននេះថា ទីក្រុងគៀវនឹងត្រូវបោះបង់ចោលនូវគោលដៅដែលបានកាន់កាប់ជាយូរមកហើយរបស់ខ្លួនក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ និងទទួលបានមកវិញនូវទឹកដីទាំងអស់របស់ខ្លួនដែលត្រូវបានរឹបអូសដោយរុស្ស៊ី ដែលជាសញ្ញាមួយនៃការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះជម្លោះមួយនេះ។
បន្ទាប់ពីបានជជែកគ្នាតាមទូរសព្ទជាមួយលោក ពូទីន អស់រយៈពេលជាងមួយម៉ោង លោក ត្រាំ បាននិយាយថា មេដឹកនាំរុស្ស៊ីដែលបានបើកការឈ្លានពានពេញលេញលើអ៊ុយក្រែននៅក្នុងឆ្នាំ២០២២ ចង់ឱ្យសង្រ្គាមបញ្ចប់ ហើយពួកគេបានពិភាក្សាអំពីការទទួលបានបទឈប់បាញ់គ្នានាពេលអនាគតឆាប់ៗនេះ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា «លោកចង់ឱ្យវាបញ្ចប់។ លោកមិនចង់បញ្ចប់វា ហើយបន្ទាប់មកត្រលប់ទៅរកការប្រយុទ្ធគ្នាវិញក្នុងរយៈបេលប្រាំមួយខែក្រោយនោះទេ»។
លោកបាននិយាយបន្ថែមថា «ខ្ញុំគិតថាយើងកំពុងធ្វើដំណើរឆ្ពោះទៅរកសន្តិភាព។ ខ្ញុំគិតថាលោកប្រធានាធិបតី ពូទីន ចង់បានសន្តិភាព ហើយលោកប្រធានាធិបតី ហ្សេលេនស្គី ចង់បានសន្តិភាព ហើយខ្ញុំក៏ចង់បានសន្តិភាព។ ខ្ញុំគ្រាន់តែចង់ឃើញមនុស្សត្រូវបានឈប់សម្លាប់»។
លោក ត្រាំ បាននិយាយជាយូរមកហើយថា លោកនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័សដោយមិនមានការបកស្រាយច្បាស់អំពីរបៀបដែលលោកនឹងសម្រេចរឿងនេះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





