រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ គោលការណ៍នៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានកំណត់ឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានជាតិស្រវឹងត្រឹម ៥០ភាគរយប៉ុណ្ណោះ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានគូសបញ្ជាក់ថា គោលការណ៍នៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានកំណត់ឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានជាតិស្រវឹងត្រឹម ៥០ភាគរយប៉ុណ្ណោះនៃចំនួនប៉ាណូសរុបដែលមានស្រាប់នៅតាមបណ្តារាជធានី-ខេត្ត ហើយ៥០ភាគរយទៀត អាចធ្វើការផ្សព្វផ្សាយពីផលិតផលមិនមែនគ្រឿងស្រវឹង ឬអំពីសក្តានុពល ឬសមិទ្ធផលរបស់រាជធានី ខេត្ត/ រាជរដ្ឋាភិបាល ដែលអាចជាការចូលរួមចំណែកពីសំណាក់ម្ចាស់ផលិតផលនានា ឬម្ចាស់ទីតាំងផ្ទាំងប៉ាណូផ្ទាល់។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះក្នុងឱកាសអញ្ជើញចូលរួម និងធ្វើបទបង្ហាញស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ជូនអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។


ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការងារផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ ក្រសួងព័ត៌មាន ត្រូវអនុវត្តន៍ក្រោមកិច្ចសហការជាមួយក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតគ្រឿងស្រវឹង ឬផលិតផលមានជាតិស្រវឹង ដើម្បីធ្វើយ៉ាងណាឱ្យគោលការណ៍នេះទទួលបានប្រសិទ្ធភាព និងលទ្ធផលដូចការរំពឹងទុក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានធ្វើការបង្ហាញជូនអង្គសន្និបាតអំពី ព័ត៌មានទូទៅនៃនិន្នការនៃការប្រើប្រាស់គ្រឿងស្រវឹងនៅទូទាំងពិភពលោកដោយផ្អែកតាមលទ្ធផលនៃការសិក្សាមួយដែលធ្វើឡើងដោយយោងតាមទិន្នន័យក្នុងឆ្នាំ២០២២។ ទន្ទឹមនេះ ឯកឧត្តមក៏បានធ្វើការបង្ហាញពីស្ថានភាពនៃផលិតផលគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីក្រុមហ៊ុនផលិតគ្រឿងស្រវឹងធំៗ ព្រមទាំងវិធីសាស្រ្តនៃការផ្សព្វផ្សាយផលិតផល និងការចំណាយក្នុងការផ្សព្វផ្សាយរបស់ពួកគេ។


ឯកឧត្តម ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈម នៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងបានលើកឡើងពីវិធានការ ក្នុងការទប់ស្កាត់ការផ្សព្វផ្សាយផលិតផលប្រភេទនេះ ដែលស្របតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជាផងដែរ។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានក្រសួងព័ត៌មានជាប្រធាន ក្នុងគោលដៅគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលប្រភេទនេះ ដើម្បីលើកកម្ពស់សោភ័ណភាព ធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីទំនៀមទំលាប់ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិតភាព៕
ដោយ៖ រិទ្ធី រូបថត៖ ឡុង ដេវីត





