កូរ៉េខាងត្បូងនឹងវិនិយោគទឹកប្រាក់ ២៦០ប៊ីលានវ៉ុនដើម្បីបង្កើតបច្ចេកវិទ្យាសាងសង់នាវាទំនើប
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពល បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងវិនិយោគទឺកប្រាក់ចំនួន ២៦០ប៊ីលានវ៉ុន (១៧៩លានដុល្លារអាម៉េរិក) ដើម្បីបង្កើតបច្ចេកវិទ្យាសាងសង់នាវាទំនើបនៅឆ្នាំនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការប្រកួតប្រជែងជាសកលនៃឧស្សាហកម្មផលិតនាវារបស់ខ្លួន។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថាចំនួនទឹកប្រាក់ដែលបានស្នើឡើងគឺកើនឡើង ៤០% ពីថវិកាសម្រាប់ឆ្នាំ២០២៤។
ក្នុងចំណោមទឹកប្រាក់ចំនួន ២៦០ប៊ីលានវ៉ុន ក្រសួងនឹងវិនិយោគ១៧០ប៊ីលានវ៉ុនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ការបង្កើតនាវាដែលមិនប៉ះពាល់ដល់បរិស្ថាន ៧០ប៊ីលានវ៉ុនវិនិយោគ ក្នុងការផ្លាស់ប្តូរឌីជីថលនៃនីតិវិធីសាងសង់នាវា និង២០ប៊ីលានវ៉ុនក្នុងការអភិវឌ្ឍនាវាស្វយ័ត។
ក្រសួងនឹងផ្តោតលើការអភិវឌ្ឍនាវាដែលដំណើរការដោយថាមពលស្អាត ដូចជាសារធាតុអាម៉ូញាក់ និងអគ្គិសនី ព្រមទាំងឧបករណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាឧបករណ៍ជំនួយសម្រាប់ថាមពលខ្យល់។
កាលពីខែកក្កដា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញគំនិតផ្តួចផ្តើមមួយដើម្បីធានាបាននូវបច្ចេកវិទ្យាសាងសង់នាវាទំនើបនៅឆ្នាំ២០៤០ រួមទាំងសមត្ថភាពបើកបរដោយស្វ័យប្រវត្តិពេញលេញ និងម៉ាស៊ីនគ្មានកាបូនសម្រាប់កំណើនប្រកបដោយនិរន្តរភាពនៃឧស្សាហកម្មនេះ។
យោងតាមទិន្នន័យឧស្សាហកម្ម បានឱ្យដឹងថា ក្រុមហ៊ុនសាងសង់នាវាធំៗរបស់កូរ៉េខាងត្បូងចំនួន ៣ក្រុមហ៊ុនបានប្រកាសពីប្រាក់ចំណេញប្រតិបត្តិការនៅឆ្នាំ២០២៤ លើវិស័យឧស្សាហកម្ម និងការលក់នាវាពិសេស៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





