ជំងឺអាសន្នរោគបានសម្លាប់មនុស្សជាង ១១០នាក់នៅក្នុងប្រទេសអង់ហ្គោឡា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រទេសអង់ហ្គោឡាបានកត់ត្រាករណីជំងឺអាសន្នរោគចំនួន ៣.៤០២ករណី និងអ្នកស្លាប់ចំនួន ១១៤នាក់ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅដើមខែមករា។
ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈមក ប្រទេសអង់ហ្គោឡាបានរាយការណ៍ករណីជំងឺអាសន្នរោគថ្មីច្រើនជាង ១០០ករណីជារៀងរាល់ថ្ងៃដោយកើនឡើងដល់ ២៩៥ករណីកាលពីថ្ងៃទី៨ ខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើតេស្តមន្ទីរពិសោធន៍ដើម្បីបញ្ជាក់ពីការឆ្លងនៅតែមានកម្រិតដោយមានតែគំរូប្រហែល ២០ករណីប៉ុណ្ណោះដែលត្រូវបានវិភាគក្នុងមួយថ្ងៃ។
ចាប់តាំងពីការផ្ទុះឡើងនៅថ្ងៃទី៧ ខែមករា ជំងឺនេះបានរីករាលដាលដល់ខេត្តជាច្រើនដោយខេត្តលូអានដា និងខេត្តបេនហ្គោ ជាខេត្តដែលរងគ្រោះបំផុត។
យោងតាមព្រឹត្តិបត្ររោគរាតត្បាតរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មនុស្សជាង ៩២៥.០០០នាក់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអាសន្នរោគ ដែលគ្របដណ្តប់ ៨៦% នៃប្រជាជនក្នុងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





