កងទ័ពជើងទឹកម៉ារ៉ុកស្ទាក់ចាប់ជនចំណាកស្រុកចំនួន ៤១នាក់ដែលធ្វើដំណើរទៅកាន់កោះកាណារី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមសារព័ត៌មានMaghreb Arabe Presse (MAP) បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍យោធាមួយថា កងទ័ពជើងទឹកម៉ារ៉ុកបានស្ទាក់ចាប់ជនចំណាកស្រុកនៅអនុតំបន់សាហារ៉ាចំនួន ៤១នាក់ចេញពីឆ្នេរសមុទ្រអាត្លង់ទិក។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នាវាល្បាតរបស់កងទ័ពជើងទឹកបានស្ទាក់ចាប់ទូកដែលកំពុងធ្វើដំណើរទៅកាន់កោះកាណារី(Canary Islands) ដែលជាប្រជុំកោះប្រទេសអេស្បាញ ស្ថិតនៅភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលប្រតិបត្តិការមានចម្ងាយ១១៨គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងតាន់តាន់។
ជនចំណាកស្រុកបានទទួលការថែទាំមុននឹងបញ្ជូនទៅកាន់កងរាជអាវុធហត្ថ ដើម្បីចាត់ការតាមនិតិវិធី។ ប្រទេសម៉ារ៉ុក គឺជាទីតាំងនៃការឆ្លងកាត់សម្រាប់ជនចំណាកស្រុកអាហ្វ្រិកខាងលិចមួយចំនួនដែលមានបំណងទៅកាន់សហភាពអឺរ៉ុប៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





