លោក ចាន់ បញ្ញាវ័ន្ត ដឹកនាំមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វគោ ក្របីជូនប្រជាពលរដ្ឋនៅឃុំត្រពាំងឬស្សី
AKP កំពង់ធំ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពុងធំ រួមទាំងមន្ត្រី ភ្នាក់ងារសុខសត្វភូមិ សហការជាមួយ រដ្ឋបាលបាលស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរភូមិ ឃុំបានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោ ក្របីជូនប្រជាពលរដ្ឋនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថា ដោយសារមានអាកាសធាតុប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យសត្វមួយចំនួនមានការឆ្លងជំងឺ ពីសត្វមួយទៅសត្វមួយផ្សេងទៀត ដោយសារអាកាសធាតុដូច្នេះប្រសិនបើឃើញមានសត្វណាមួយមានជំងឺ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីចុះទៅចាក់ថ្នាំការពារទប់ស្កាត់កុំឱ្យជំងឺរីករាលដល់សត្វដទៃទៀតនៅក្នុងសហគមន៍។

លោកប្រធានការិយាល័យ រួមទាំងមន្ត្រីជំនាញ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របី។ ជាលទ្ធផលក្រុមការងារសម្រេចចាក់ការពារជំងឺសត្វគោ ក្របី និងពពែសរុប៣២០ក្បាល ក្នុងនោះគោ៩៥ក្បាល ពពែ៨០ក្បាលនិងក្របី១៥០ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាល និងវ៉ាក់សាំងសាទឹក២០០០កម្រិត ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់បន្តទៀត៕



ដោយ ស៊ុម វណ្ណា





