មន្ត្រីគុយបាបដិសេធចំពោះពាក្យចចាមអារ៉ាមអំពីករណីចាប់ជំរិតកុមារនៅក្នុងប្រទេសគុយបា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- មន្ត្រីមកពីក្រសួងអប់រំគុយបា(MINED) និងការិយាល័យអគ្គមេធាវី កាលពីពេលថ្មីៗនេះបានបដិសេធចំពោះពាក្យចចាមអារ៉ាមអំពីករណីចាប់ជំរិតកុមារនៅក្នុងសាលារៀននៅប្រទេសគុយបា ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។
យោងតាមប្រធានសកម្មភាពអប់រំពិសេសនៃក្រសួង MINED លោកស្រី ម៉ារី ខាមេន រ៉ូចាស់ (Mary Carmen Rojas) បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បែបនេះពិតជាមិនពិតនោះទេ ហើយមានចេតនានយោបាយក្នុងគោលបំណងធ្វើឱ្យខូចមុខមាត់របស់ប្រទេសគុយបាដែលកុមារជាក្តីកង្វល់ដ៏សំខាន់។
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទូរទស្សន៍ជាតិ លោកស្រី រ៉ូចាស់បាននិយាយថា ក្រសួង MINED មានប្រព័ន្ធព័ត៌មានអំពីរបាយការណ៍ឧប្បត្តិហេតុ និងស្ថានភាពដែលអាចកើតឡើងនៅក្នុងស្ថាប័នអប់រំជាង១១.០០០កន្លែងនៅទូទាំងប្រទេសក្នុងរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃនៅពេលដែលមានហេតុការណ៍កើតឡើង។
ទាក់ទិននឹងការចោទប្រកាន់ថាមានករណីចាប់ពង្រត់ក្មេងស្រីម្នាក់នៅក្នុងសង្កាត់ហាវ៉ាណា លោកស្រីបានធានាថា មន្ត្រីនៅសាលារៀនបានទៅលេងផ្ទះក្រុមគ្រួសាររបស់កុមារីនោះ ហើយបញ្ជាក់ថាវាជាព័ត៌មានក្លែងក្លាយ។
លោកស្រី យ៉ៃម៉ារ៉ា អង់ហ្គូឡូ (Yaimara Angulo) អគ្គព្រះរាជអាជ្ញារងនៃទីក្រុងហាវ៉ាណា បានចង្អុលបង្ហាញថា មិនមានភ័ស្តុតាងណាមួយនៅក្នុងប្រទេសដែលកុមារអវត្តមានពីផ្ទះរបស់ពួកគេសម្រាប់ស្ថានភាពទាំងនេះទេហើយក៏គ្មានគ្រួសារណាមួយបានដាក់ពាក្យបណ្តឹងទាក់ទងនឹងកុមារដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុបែបនេះនៅពេលចាកចេញពីសាលារៀនដែរ។
លោកស្រីបាននិយាយបន្តថា ការផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ជាបទឧក្រិដ្ឋដែលមានជាប់ពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងរក្នុងក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





