ផលប៉ះពាល់ជីវបច្ចេកវិទ្យារបស់គុយបាឆ្លើយតបទៅនឹងប្រព័ន្ធអប់រំរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក យូរី វ៉ាល់ដេស (Yuri Valdés) នាយករងនៃវិទ្យាស្ថានវ៉ាក់សាំង Finlay បាននិយាយកាលពីពេលថ្មីៗនេះនៅឯសមាជអន្តរជាតិគរុកោសល្យលើកទី១៩ ឆ្នាំ២០២៥ ដែលកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតរបស់ទីក្រុងហាវ៉ាណាថា វិទ្យាសាស្រ្តនៅក្នុងប្រទេសគុយបា គឺជាលទ្ធផលនៃប្រព័ន្ធអប់រំរបស់ខ្លួន។
យោងតាមអ្នកវិទ្យាសាស្ត្ររូបនោះ បានឱ្យដឹងថា គុយបាបានបង្កើតប្រព័ន្ធអប់រំដ៏រឹងមាំមួយដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំជាប្រវត្តិសាស្ត្រនៃបដិវត្ត លោក ហ្វីដែល កាស្រ្តូល (Fidel Castro) ដែលផ្តល់នូវទេពកោសល្យ ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយសម្រាប់ការថែទាំប្រជាជនក្នុងវិស័យវេជ្ជសាស្ត្រ។
លោក វ៉ាល់ដេស បានចង្អុលបង្ហាញថា ការអភិវឌ្ឍឧស្សាហកម្មជីវឱសថមានអន្តរកម្មជាប្រព័ន្ធជាមួយបណ្តាញដ៏ធំទូលាយនៃសាកលវិទ្យាល័យ និងស្ថាប័នសិក្សាដទៃទៀត ដែលនាំទៅរកលទ្ធផលល្អ ដូចជាការទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
លោកបានរំលឹកថា ប្រទេសគុយបាអាចរចនា និងផលិតវ៉ាក់សាំងបានដោយខ្លួនឯង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយផ្តល់អធិបតេយ្យភាពជាតិក្នុងការជួយសង្គ្រោះជីវិតប្រជាជន។
អ្នកស្រាវជ្រាវរូបនោះបាននិយាយថា «ឧស្សាហកម្មជីវបច្ចេកវិទ្យារបស់ប្រទេសនេះមានក្រុមហ៊ុនជាង៤០ ដែលមានកម្រិតវិទ្យាសាស្ត្រខ្ពស់ដែលត្រូវបានវាយតម្លៃក្នុងចំណោមក្រុមហ៊ុនសំខាន់បំផុតក្នុងពិភពលោកដោយសារតែការវិនិយោគដែលធ្វើឡើងក្នុងវិស័យធនធានមនុស្ស និងចំណេះដឹង»។
អ្នកជំនាញរូបនោះបានពន្យល់អំពីតួនាទីរបស់ស្ថាប័នដែលលោកដឹកនាំក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផលិតវ៉ាក់សាំង ពាក់ព័ន្ធនឹងការលើកកម្ពស់វិទ្យាសាស្ត្រ ក៏ដូចជាការបង្រួបបង្រួមបណ្តាញផ្លាស់ប្តូរជាមួយស្ថាប័នអប់រំដែលមានឥទ្ធិពលខ្ពស់ទៅលើការផលិតឱសថ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





