ឥណ្ឌូណេស៊ីបង្កើនប្រសិទ្ធភាពនៅតាមមណ្ឌលថែទាំសុខភាពនៅក្នុងកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ (CKG) ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីបង្កើនគុណភាពសុខភាពសាធារណៈ និងកាត់បន្ថយជំងឺដែលអាចការពារបាន។
យោងតាមរដ្ឋមន្ត្រីក្រសួងប្រជាជន និងអភិវឌ្ឍន៍គ្រួសារ និងជាប្រធានទីភ្នាក់ងារជាតិប្រជាជន និងផែនការគ្រួសារ (BKKBN) លោក វីហាជី (Wihaji) បានសម្តែងក្តីសង្ឃឹមថា កម្មវិធី CKG នឹងទាក់ទាញការចូលរួមរបស់ពលរដ្ឋឥណ្ឌូណេស៊ី។
ក្រសួងបានដាក់ពង្រាយបុគ្គលិកជាងមួយលាននាក់នៅតាមមណ្ឌលថែទាំសុខភាព ដើម្បីគាំទ្រ និងត្រួតពិនិត្យការអនុវត្តកម្មវិធីនេះ។
បុគ្គលិកទាំងនេះទទួលខុសត្រូវក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃកម្មវិធី។
ការរួមបញ្ចូលគ្នានៃយុទ្ធសាស្ត្រទំនាក់ទំនងបែបឌីជីថល និងប្រពៃណីត្រូវបានប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុសហគមន៍ និងសកម្មភាពផ្សព្វផ្សាយដើម្បីរួមបញ្ចូលក្រុមគោលដៅនៅទូទាំងប្រទេស រួមទាំងតំបន់ដាច់ស្រយាលផងដែរ។
កម្មវិធីនេះមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនឥណ្ឌូណេស៊ីទាំងមូលដែលមានជាង ២៨០លាននាក់ ដោយមិនគិតពីអាយុ។រដ្ឋាភិបាលបានបែងចែកថវិកាចំនួន ៤,៧ពាន់ពាន់លានរូពៀ (២៨៧,៦លានដុល្លារអាម៉េរិក) ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនោះទេ។
នៅក្នុងដំណាក់កាលដំបូង កម្មវិធីនេះផ្តោតទៅលើកុមារដែលមានអាយុពី ០-៦ឆ្នាំ និងបុគ្គលដែលមានអាយុលើសពី ១៨ឆ្នាំ។ ចាប់ពីខែកក្កដាកម្មវិធីនេះនឹងពង្រីកទៅតាមសាលារៀន ដោយគ្របដណ្តប់ទៅលើកុមារដែលមានអាយុពី ៧-១៧ឆ្នាំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





