ឥណ្ឌូណេស៊ីស្នើឱ្យក្រុមហ៊ុនហ្គូហ្គលគាំទ្រចំពោះកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលរបស់ឥណ្ឌូណេស៊ី លោកស្រី មឺតយ៉ា ហាហ្វ៊ីដ (Meutya Hafid) បានទៅទស្សនកិច្ចការិយាល័យក្រុមហ៊ុនហ្គូហ្គល (Google) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយស្នើសុំឱ្យក្រុមហ៊ុនបច្ចេកវិទ្យានេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងកិច្ចការពារកុមារនៅក្នុងវិស័យឌីជីថល។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយជាមួយអនុប្រធាននៃគោលនយោបាយសាធារណៈគេហទំព័រយូធូប (YouTube) លោក លេស្លី មីលល័រ (Leslie Miller) លោកស្រី ហាហ្វ៊ីដ បានអញ្ជើញក្រុមហ៊ុនហ្គូហ្គលឱ្យធ្វើការងារជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីផ្តល់នូវបរិយាកាសឌីជីថល និងកន្លែងដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី១១ខែកុម្ភៈ រដ្ឋមន្ត្រីរូបនោះបានអះអាងថា ប្រទេសឥណ្ឌូណេស៊ីនឹងអនុវត្តបទប្បញ្ញត្តិដ៏តឹងរ៉ឹងដើម្បីការពារកុមារពីការប៉ះពាល់នឹងខ្លឹមសារគ្រោះថ្នាក់ដូចជារូបភាពអាសអាភាសរបស់កុមារ និងការលេងល្បែងតាមអនឡាញជាដើម។
លោកស្រីបាននិយាយបន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងរៀបចំបទប្បញ្ញត្តិដើម្បីដោះស្រាយបញ្ហារូបភាពអាសអាភាសរបស់កុមារ និងផលប៉ះពាល់នៃការលេងល្បែងតាមអនឡាញទៅលើកុមារ។
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួន និងការកេងប្រវ័ញ្ចលើកុមារ ប្រទេសឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមប្រទេសកំពូលទាំងបួនដែលមានករណីអាសអាភាសកុមារខ្ពស់បំផុតនៅទូទាំងពិភពលោក។
ទន្ទឹមនឹងនេះដែរ របាយការណ៍ពីមជ្ឈមណ្ឌលរបាយការណ៍ និងវិភាគប្រតិបត្តិការហិរញ្ញវត្ថុ (PPATK) បានបង្ហាញថា ចំនួនអ្នកលេងល្បែងតាមអនឡាញដែលមានអាយុក្រោម ១០ឆ្នាំបានកើនឡើងដល់ ៨០.០០០នាក់ ដែលស្មើនឹងប្រហែល ២% នៃអ្នកលេងទាំងអស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





