វិស័យទេសចរណ៍របស់ប្រទេសថៃមានទស្សនវិស័យភ្លឺស្វាង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសថៃត្រូវបានគេរំពឹងថានឹងស្វាគមន៍ការទៅដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៣,៥លាននាក់នៅក្នុងខែកុម្ភៈនេះ ដែលកើនឡើង ៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារទីផ្សារសំខាន់ៗទាំងអស់កើនឡើងនៅចន្លោះពី ២% ទៅ ២០% លើកលែងតែទីផ្សារចិនដែលមានការធ្លាក់ចុះ ៧% ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT)។
អភិបាលអាជ្ញាធរ TAT លោកស្រី ថាប៉ានី គៀតផៃបុល (Thapanee Kiatphaibool) បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងជប៉ុនត្រូវបានគេព្យាករណ៍ថានឹងធានាបាននូវកំណើនខ្លាំងបំផុតចំនួន ២០% និង ១៨% រៀងៗគ្នា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមការប៉ាន់ប្រមាណបានឱ្យដឹងថា ភ្ញៀវទេសចរអាល្លឺម៉ង់មានប្រហែល ១២៤.០០០នាក់នឹងទៅលេងប្រទេសថៃនៅក្នុងខែកុម្ភៈ ដែលតាមពីក្រោយដោយប្រទេសរុស្ស៊ីដែលជាទីផ្សារផ្លូវឆ្ងាយដ៏ធំបំផុត ដែលត្រូវបានគេរំពឹងថានឹងកត់ត្រានូវកំណើនជាមធ្យម ៣% ដែលមានចំនួន២១១.០០០នាក់។
លោកស្រី ថាប៉ានី បានបង្ហើបឱ្យដឹងថា បើទោះបីជាមានការធ្លាក់ចុះ៧% ក៏ដោយ ក៏ការទៅដល់របស់ភ្ញៀវទេសចរចិននឹងនៅតែជាទីផ្សារនាំចូលដ៏ធំបំផុតមួយជាមួយនឹងចំនួន ៦៣០.០០០នាក់នៅក្នុងខែនេះ។ ទីផ្សារកំពូលរយៈពេលខ្លីផ្សេងៗទៀតរួមមាន ម៉ាឡេស៊ី (៥១៣.០០០នាក់) កូរ៉េខាងត្បូង(១៩៨.០០០នាក់) និងឥណ្ឌា (១៧០.០០០នាក់)។
លោកស្រី ថាប៉ានី បាននិយាយថា ការបន្តជើងហោះហើរឡើងវិញត្រូវបានសន្មតថាដោយសារតែកំណើននៃទីផ្សារក្នុងស្រុក ខណៈដែលការកក់សំបុត្រយន្តហោះនៅក្នុងខែនេះបានកើនឡើង ១៤% ស្របជាមួយនឹងការកើនឡើង ១៥% នៃសមត្ថភាពដឹកអ្នកដំណើរតាមយន្តហោះដែលមានដល់ទៅ ៤,៣លានកន្លែង ប៉ុន្តែវានៅតែតិចជាងចំនួន ៥លានកន្លែងដែលត្រូវបានកត់ត្រានៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩។
ទាក់ទងនឹងទីផ្សារក្នុងស្រុក លោកស្រី ថាប៉ានី បាននិយាយថា គួរតែមានការធ្វើដំណើរយ៉ាងហោចណាស់ ៣៣,៩លានដងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ដែលកើនឡើង ២% ដែលបង្កើតចំណូលបាន ១៦៩ពាន់លានបាត (៥លានដុល្លារអាម៉េរិក) ដែលកើនឡើង ៨%៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





