ហ្វីលីពីនហាមឃាត់ការនាំចូលផលិតផលសាច់សត្វពីអាល្លឺម៉ង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសហ្វីលីពីនបានចេញបម្រាមបណ្តោះអាសន្នមួយទៅលើការនាំចូលផលិតផលសាច់សត្វពីប្រទេសអាល្លឺម៉ង់ ចំពេលដែលកំពុងមានការផ្ទុះឡើងនៃជំងឺពងបែកមាត់(FMD) នៅក្នុងប្រទេសក្នុងទ្វីបអឺរ៉ុបមួយនេះនាពេលថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានរាយការណ៍កាលពីថ្ងៃទី១២ ខែកុម្ភៈថាបទបញ្ជានេះនឹងចូលជាធរមានភ្លាមៗ ហើយបន្តអនុវត្ត លុះត្រាតែមានការជូនដំណឹងវិញជាលាយលក្ខណ៍អក្សរ។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្រ្វេនស៊ីសស្កូ ទុយឡូរែល (Francisco Tiu Laurel) បាននិយាយនៅក្នុងអនុស្សរណៈនោះថា ការហាមឃាត់ការនាំចូលនេះ គឺជាផ្នែកមួយនៃវិធានការបន្ទាន់របស់រដ្ឋាភិបាលដើម្បីការពារជំងឺសត្វដែលអាចឆ្លងដ៏មានគ្រោះថ្នាក់ពីការឆ្លងដល់សត្វក្នុងស្រុក។
ទោះជាយ៉ាងណាក៏ដោយ ផលិតផលមួយចំនួនត្រូវបានលើកលែងពីការហាមប្រាមនោះ ដូចជាទឹកដោះគោដែលមានសីតុណ្ហភាពខ្ពស់ និងផលិតផលសាច់ដែលត្រូវបានព្យាបាលរួចដោយកំដៅនៅក្នុងធុងបិទជិតអាហារប្រូតេអ៊ីន និងជែលឡាទីន។
ប្រទេសអាល្លឺម៉ង់បានជូនដំណឹងដល់អង្គការពិភពលោកសម្រាប់សុខភាពសត្វអំពីករណីជំងឺ FMD ដែលបានបញ្ជាក់នៅក្នុងសត្វក្របីក្នុងស្រុកកាលពីខែមករា។
ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសហ្វីលីពីនបាននាំចូលសាច់គោប្រមាណជិត ៣.១៧៨តោនពីប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០២៤ ដែលមានចំនួនប្រហែល ០,៥% ការនាំចូលសាច់គោសរុបរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





