សមាជិកអាស៊ានសហការគ្នាដោះស្រាយបញ្ហាអ័ព្ទឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសមាជិកអាស៊ានទាំងអស់ដើម្បីរួមគ្នាទប់ស្កាត់កម្រិតបំពុលបរិយាកាស PM2.5 ដែលត្រូវបានគេចាត់ទុកថាជាអ័ព្ទឆ្លងដែន។
យោងតាមអាជ្ញាធរឧស្សាហកម្មថៃ (IEAT) បានឱ្យដឹងថា កម្រិតគ្រោះថ្នាក់នៃ PM2.5 ពីប្រភពក្នុងប្រទេស និងក្រៅប្រទេស អាចប៉ះពាល់ដល់មុខមាត់របស់ប្រទេសថៃដែលជាគោលដៅវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ លោក អាកាណាត់ ព្រុមផាន (Akanat Promphan) បាននិយាយថា កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ភាគល្អិតធូលីអ៊ុលត្រាដែលផលិតឡើងដោយការដុតកម្ទេចកំណកដំណាំ និងភ្លើងឆេះព្រៃដែលអាចរសាត់ឆ្លងព្រំដែន។
ក្រោមកិច្ចសហប្រតិបត្តិការនេះ ភាគីនានានឹងផ្លាស់ប្តូរព័ត៌មានគ្នាអំពីស្ថានភាព PM2.5 និងផ្តល់ព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យា និងវិធានការនានាដើម្បីទប់ទល់នឹងការបំពុលបរិយាកាស។
នៅពេលមុននេះ កាលពីថ្ងៃទី៦-៧ ខែកុម្ភៈ លោក អាកាណាត់ បានទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងបានពិភាក្សាអំពីបញ្ហាបំពុលបរិយាកាសជាមួយលោក កោះ ប៉ូគូន (Koh Poh Koon) ទេសរដ្ឋមន្រ្តីសិង្ហបុរីសម្រាប់និរន្តរភាព និងបរិស្ថាន។
ប្រទេសថៃកំពុងតស៊ូដើម្បីគ្រប់គ្រងកម្រិតបំពុលបរិយាកាស PM2.5 ដែលកើតឡើងដោយសារការដុតចម្ការអំពៅ។ កសិករជាច្រើនចូលចិត្តប្រមូលផលដោយការដុតកម្ទេច។ ទោះបីជាវិធីនេះប្រើពេលតិចជាងការកាប់អំពៅស្រស់ក៏ដោយ ប៉ុន្តែវាបានបញ្ចេញនូវកម្រិត PM2.5 យ៉ាងច្រើន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





