ឡាវ និងអូស្ត្រាលីនឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសឡាវ លោកថុងសាវ៉ាញ ភុមវិហាន (Thongsavanh Phomvihane) បានជួបប្រជុំតាមប្រព័ន្ធអនឡាញមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ៉ុង(Penny Wong) ដើម្បីពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទាំងពីរបានសម្តែងនូវសេចក្តីរីករាយក្នុងការផ្លាស់ប្តូរយោបល់គ្នាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។
ភាគីទាំងពីរបានទទួលស្គាល់នូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងប្រទេសឡាវ និងអូស្ត្រាលីក្នុងរយៈពេល ៧៣ឆ្នាំកន្លងមក ចាប់តាំងពីមានទំនាក់ទំនងការទូត ដែលនាំទៅដល់លទ្ធផលអភិវឌ្ឍន៍ជាវិជ្ជមាន ដែលនៅក្នុងនោះរួមមានទាំងដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់នាយករដ្ឋមន្ត្រីឡាវ លោក សុនសាយ ស៊ីផាន់ដូន (Sonxay Siphandone) និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២៤ ដើម្បីប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។ ប្រទេសទាំងពីរក៏បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីរបស់ពួកគេឱ្យទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយផងដែរ។
ពួកគេបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលមានចែងក្នុងផែនការសកម្មភាពភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលរួមមានការអភិវឌ្ឍធនធានមនុស្ស ពាណិជ្ជកម្ម និងការវិនិយោគការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍថាមពលប្រកបដោយចីរភាព សន្តិសុខ ការអនុវត្តច្បាប់ និងវិស័យសំខាន់ៗដទៃទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





