ឥណ្ឌូណេស៊ី និងតួកគីជំរុញទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) និងសមភាគីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងហ្សាការតា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចំនួនដើម្បីជំរុញទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងការពារជាតិរវាងប្រជាជាតិទាំងពីរ។
ថ្លែងមតិបន្ទាប់ពីកិច្ចពិភាក្សានោះ លោក ប្រាបូវ៉ូ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរប្តេជ្ញាបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយបានឯកភាពគ្នាក្នុងការជំរុញការផលិត និងកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងឧស្សាហកម្មការពារជាតិ។
យោងតាមលោក ប្រាបូវ៉ូ បានឱ្យដឹងថា ភាគីទាំងពីរនឹងធ្វើការហ្វឹកហ្វឺនរួមគ្នាសម្រាប់កងទាហាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងភេរវកម្ម និងចារកម្ម។
សម្រាប់ភាគីតួកគី លោក អឺដូហ្គែន បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាសកលលោកសំខាន់ៗ រួមទាំងស្ថានការណ៍នៅស៊ីរី និងបញ្ហាប៉ាឡេស្ទីន។ មេដឹកនាំទាំងពីរបានកំណត់ទិសដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
យោងតាមក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំមុនត្រូវបានប៉ាន់ប្រមាណថាមានចំនួន២,៤ពាន់លានដុល្លារអាម៉េរិក។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំតួកគីទៅកាន់ប្រទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រី និងមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ស្តីពីពាណិជ្ជកម្ម ថាមពល ការអប់រំឧត្តមសិក្សានិងសាសនា ដែលរួមបញ្ចូលទាំងកិច្ចព្រមព្រៀងមួយដើម្បីផលិតយន្តហោះគ្មានមនុស្សបើក (UAVs) នៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។
លោក អឺដូហ្គែន កំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីបន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងមុនពេលទៅកាន់ប្រទេសប៉ាគីស្ថាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





