ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូគណៈកម្មការទី៣នៃព្រឹទ្ធសភា បំពេញបេសកកម្មនៅខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តព្រះសីហនុ ដោយកិច្ចប្រជុំបានធ្វើនៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភបាលរងក្រុង ស្រុក លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ តំណាងសភាពាណិជ្ជកម្មខេត្ត។

ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណ:កម្មការទី៣នៃព្រឹទ្ធសភា បានជម្រាបជូនពីគោលបំណងរបស់គណៈប្រតិភូគណៈកម្មការទី៣ មកបំពេញបេសកកម្មក្នុងខេត្តព្រះសីហនុដោយផ្តោតទៅលើមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា រួមមាន៖ ១. មុខងារនីតិកម្ម ២. មុខងារតាមដានការអនុវត្តច្បាប់ ៣. មុខងារតំណាង ៤. មុខងារសហប្រតិបត្តិការអន្តរជាតិ និង៥. មុខងារអភិវឌ្ឍន៍ស្ថាប័ន។ ដោយឡែកគណៈកម្មការរបស់ព្រឹទ្ធសភាមានចំនួន១៩ គឺជាយន្តការស្នូលជួយទ្រទ្រង់ដល់ដំណើរការ នៃការអនុវត្តមុខងាររបស់ព្រឹទ្ធសភា និងមានមុខងារសំខាន់ៗចំនួន៣ គឺ៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារផ្តល់ព័ត៌មាន។ គណៈកម្មការទាំង១០ នៃព្រឹទ្ធសភាទទួលរ៉ាប់រងវិធីសាស្ត្រដ៏មានអត្ថប្រយោជន៍បំផុត ដើម្បីឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងមុខងារនីតិកម្ម មុខងារតាម ដានការអនុវត្តច្បាប់ និងមុខងារផ្តល់ព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។

ឯកឧត្តមប្រធានគណៈកម្មការបានបន្តថា ចំពោះគោលបំណងនៃដំណើរបេសកកម្មរបស់ប្រតិភូគណៈកម្មការទី៣ ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការក្នុងខេត្តព្រះសីហនុ ដូចជា៖ ១- ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពការងាររបស់ខេត្ត ២- ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ផែនការវិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ៣. បញ្ហាប្រឈម និងសំណូមពររបស់ឃុំ សង្កាត់ទាក់ទងទៅនឹងវិស័យកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និងភូមិឃុំ សង្កាត់មានសុវត្ថិភាព ៤. ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា និង៥. ឈ្វេងយល់អំពីប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបជូនគណៈប្រតិភូ ក៏ដូចប្រធានគណ:កម្មការទី៣នៃព្រឹទ្ធសភាថា ខេត្តព្រះសីហនុមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជា ស្ថិតនៅផ្នែកនិរតីនៃប្រទេស ដោយចែកចេញជា ២ក្រុង ៣ស្រុក ស្មើនឹង ២៣ឃុំ ៦សង្កាត់ និង ១១១ភូមិ (ថ្មីៗនេះរាជរដ្ឋាភិបាលទើបបានបង្កើតក្រុងថ្មីឈ្មោះក្រុងកំពង់ សោម)។ ខេត្តព្រះសីហនុ មានកោះតូច-ធំ ចំនួន៣២ ថ្មដុះចំនួន១ និងថ្មប៉ប្រះទឹកចំនួន៥ ឆ្នេរសមុទ្រប្រវែង ១៧៥គីទ្បូម៉ែត្រ ទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង ព្រៃកោងកាង និងជីវៈចម្រុះគ្រប់ប្រភេទ។ ក្នុងឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានផលិតផលសរុបចំនួន ១.៦១៦,៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ចំនួន ៤.៦០២ដុល្លារអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦ភាគរយ កាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,២២% នៅឆ្នាំ២០២៣។

លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្នុងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង ផ្លូវទឹកមានកំពង់ផែសមុទ្រចំនួន៣ កំពង់ផែម៉ុងឫទ្ធីកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ផ្លូវអាកាសមានអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជាប្រភេទ 4E មានផ្លូវរត់ ៣ ៣០០ម៉ែត្រ ទាំងនេះសុទ្ធសឹងតែជាការចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»។ ជាលទ្ធផលក្រុមការងារជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន២៤២គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦ពាន់លានដុល្លារ (៦.០២១.៨០១.២០០ដុល្លារ)។ ជាមួយគ្នានេះដែរ អនុគណៈកម្មាធិការវិនិយោគខេត្តបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១១គម្រោង មានទុន វិនិយោគសរុបប្រមាណ ១៥លានដុល្លារអាមេរិក (ក្នុងនោះសម្រាប់ឆ្នាំ២០២៤ បានចំនួន៤គម្រោង មានទុនវិនិយោគសរុបប្រមាណ៧លានដុល្លារអាមេរិក)។
បន្ទាប់ពីបានស្តាប់របាយការណ៍ពីមន្ទីរ អង្គភាពរួមមក ឯកឧត្តម ម៉ុង ឫទ្ធី បានកោតសរសើរ វាយតម្លៃចំពោះការបំពេញការងាររបស់មន្ទីរ អង្គភាពក្នុងខេត្ត ក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការណែនាំអំពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ទន្ទឹមនោះត្រូវយកចិត្តទុកដាក់អំពីបញ្ហាទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងរដូវក្តៅនេះ យើងត្រូវរួមគ្នាចូលរួមអនុវត្តការងារជាច្រើនបន្ថែមទៀតនៅខេត្តព្រះសីហនុ ដោយផ្តោតសំខាន់ទៅលើវិស័យកសិទេសចរណ៍ កសិឧស្សាហកម្ម ដើម្បីអភិវឌ្ឍខេត្តរបស់យើងមានការរីកចម្រើន រីកមុខមាត់បន្ថែមទៀតនាពេលខាងមុខ៕
ដោយ ងូ សុមុនី





