ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែ មាឃ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះ បាន អនុញ្ញាតឱ្យ គណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំ លោក Ryutaro Takaku និង ធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោក Ronald Muana ចូលជួបសម្តែងការ គួរសម និង ពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និង ឧតុនិយម។

សូមជម្រាបថា បេសកកម្មរបស់គណៈប្រតិភូធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី(AIIB) មាន រយៈពេលពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ ដើម្បី ចាប់ផ្តើមអនុវត្តគម្រោង ការគ្រប់គ្រង វិស័យធនធានទឹកដោយវិធានការចម្រុះ(IWRMP)ចាប់ ពី ខែកុម្ភៈនេះតទៅ នៅ តំបន់ប្រព័ន្ធធារាសាស្រ្តក្បាលហុង ក្នុងភូមិសាស្ត្រ ក្រុងពោធិ៍ សាត់ ស្រុកកណ្តៀង ស្រុកបាកាន ខេត្តពោធិ៍ សាត់ និងនៅ តំបន់ប្រព័ន្ធធារាសាស្រ្តកង្ហត ក្នុងភូមិសាស្ត្រ ក្រុងបាត់ដំបង ស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកគាស់ ក្រឡ ស្រុកបាណន់ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្នុងកិច្ច ជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានឆ្លៀតពេលដ៏មានតម្លៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើ វិស័យធនធានទឹក និងឧតុនិយម និងបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវ ជំនឿយ៉ាងមុតមាំលើការគាំទ្រ និង ភាពជាដៃគូ របស់ធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី ដើម្បី ជួយដល់ប្រទេសកម្ពុជា ឱ្យមាន ការ អភិវឌ្ឍ លើ គ្រប់វិស័យ កាន់តែខ្លាំងថែមទៀត និង បានបញ្ជាក់ពីជំហរ ក្នុងពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ ដើម្បីជំរុញ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកឱ្យ កាន់តែមានប្រសិទ្ធភាព និរន្តរភាព និង បរិយាបន្ន សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចសង្គមនៃកម្ពុជា ប្រកបដោយចីរភាព៕

ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួង ធនធានទឹក និង ឧតុនិយម





