ឯកឧត្តម សោម ចិន ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រនៅភូមិអូរតូច
AKP កំពត ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម សោម ចិន តំណាងរាស្ត្រមណ្ឌលកំពត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសមេភូមិ មេឃុំដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍៣យ៉ាង គឺ សច្ចធម៌ ខន្តីធម៌ និងកតញ្ញូតាធម៌ ពោលគឺនិយាយពិត ធ្វើពិត និងនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្នុងដំណើរចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ២០គ្រួសារ នៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពត បានមានប្រសាសន៍ថា បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបាននូវសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ដោយកិច្ចខិតខំប្រឹងប្រែង យកជីវិតធ្វើជាដើមទន់របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន ពលរដ្ឋមានជីវភាពធូរធារជាលំដាប់។ មកដល់បច្ចុប្បន្ន កម្ពជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលះបង់កម្លាំងកាយចិត្ត បំពេញការងារយ៉ាងស្វាហាប់ និងពោរពេញដោយថាមពល បន្តថែក្សាបាននូវសន្តិភាព សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈនៃការដាក់ចេញនូវគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ និយាយជារួម រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវធម៌បីនៅក្នុងខ្លួន គឺសច្ចធម៌ ខន្តីធម៌ កតញ្ញូតាធម៌។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ចិន បានផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១បាវស្មើនឹង២៥គីឡូក្រាម ថវិកា៤០០០០រៀល សរុបស្មើនឹង៨០ម៉ឺនរៀល ផ្ញើថវិកាជូនទៅលោកយាយ ប៉ាក ទីរ៉ាំ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់១០ម៉ឺនរៀល និងជូនកម្លាំងប្រជាការពារចំនួន០៤នាក់ ក្នុងម្នាក់ចំនួន១០០០០រៀលផងដែរ៕


ដោយ ប្រាក់ លាង





