ភូមិ២ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដី
AKP កណ្ដាល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្បាលដីចំនួន១៦៤៨ក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យក្នុងភូមិព្រែកក្មេង និងភូមិទួលទ្រា សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវបានគណៈកម្មការ រដ្ឋបាលខេត្តកណ្តាល ធ្វើការបិទផ្សាយជាសាធារណៈ ដើម្បីជូនប្រជាពលរដ្ឋផ្ទៀងផ្ទាត់នូវទិន្នន័យ និងដាក់ពាក្យប្តឹងតវ៉ាផ្សេងៗ មុននឹងឈានដល់ការចេញបណ្ណកម្មសិទ្ធិ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ដីធ្លីស្របច្បាប់ និងទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗនៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លីប្រកបដោយប្រសិទ្ធភាព។ ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ពិតជាត្រឹមត្រូវ ឫអត់ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីថ្ងៃប្រកាសបិទផ្សាយនេះក្នុងរយៈ ពេល១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី និងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ។មិនត្រឹមតែប៉ុណ្ណោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នេះគឺឈានទៅដល់ការផ្តល់បណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ។

ដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ក្រុមការងារសុរិយោដីខេត្ត រដ្ឋបាលក្រុងអរិយក្សត្រ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ បានខិតខំប្រឹងប្រែងការងារចុះបញ្ជីនេះបានដំណើរការយ៉ាងរលូន។ សមិទ្ធផលជាច្រើនរាប់មិនអស់ដែលសម្រេចបាន គឺសុទ្ធសឹងតែកើតឡើងដោយក្រុមការងារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនឥតឈប់ឈរ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា មន្ទីរបានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុង ភូមិព្រែកក្មេង និងភូមិទួលទ្រា សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល មានចំនួន ១ ៦៤៨ក្បាលដី ចំពោះក្រុងអរិយក្សត្របានបិទផ្សាយរួចមកដល់ពេលនេះចំនួន១០លើក នឹងបានចែកបណ្ណរួចចំនួន០៩លើក សរុបបានចំនួន ៩ ៤២៦ បណ្ណ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





