អង្គការ Fauna &Flora បើកសិក្ខាសាលាបណ្តុះបណ្តាលដល់អ្នកទេសចរនៅដែនជម្រកសត្វព្រៃពាមក្រសោប
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- មន្រ្តីអង្គការ Fauna &Flora បានឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៥ថា ក្រុមការងារនៃគម្រោងប្លាស្ទិកសមុទ្រប្រចាំអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna &Flora សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ទីរទេសចរណ៍ខេត្ត កាលពីពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលពីរថ្ងៃពេញ ដល់អ្នកទេសចរណ៍ជាង ១០០នាក់ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។

ប្រភពដដែលបន្តថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ជាចំណេះដឹង និងជំនាញដល់អ្នកបើកទូកទេសចរណ៍ទាក់ទងនឹងការបែកចែកសំណល់ និងការចោលសំរាមឱ្យបានត្រឹមត្រូវពីភ្ញៀវទេសចរដែលមកទស្សនានៅក្នុងតំបន់។ យើងក៏បានជំរុញការចូលរួមពីអ្នកបើកទូកទេសចរណ៍ និងអ្នកដឹកនាំនៅក្នុងសហគមន៍មូលដ្ឋានដោយបង្កើតឱ្យមានកិច្ចពិភាក្សា និងការសហការគ្នា ដើម្បីលើកទឹកចិត្តឱ្យពួកគាត់បន្តការពារធនធានសមុទ្រដ៏មានតម្លៃរបស់យើងទាំងអស់គ្នា។

សកម្មភាពបើកសិក្ខាសាលាបណ្តុះបណ្តាលនេះត្រូវបានផ្តល់មូលនិធិដោយ Blue Action Fund (BAF)៕


ដោយ ណយ នឿន (ប្រភព៖ Fauna &Flora)





