ព្រះអនុគណស្រុកស្ទោងដឹកនាំពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យមាឃបូជានៅវត្តឃ្លាំងខ្មូត
AKP កំពង់ធំ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ព្រះបរិត្តកោសល្យ ណិប អ៊ាម ព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងជាព្រះអនុគណស្រុកស្ទោង បានដឹកនាំញាតិញោមពុទ្ធបរិស័ទពុទ្ធសាសនិកប្រារព្ធពិធីបុណ្យមាឃបូជានៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រះបរិត្តកោសល្យ ណិប អ៊ាម បានមានសង្ឃដីកាបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យមាឃបូជាគឺដើម្បីរម្លឹកនូវព្រឹត្តិការណ៍សំខាន់៣យ៉ាង រួមមាន៖ ទី១.ដើម្បីរំលឹកនឹកដល់សម្មាសម្ពុទ្ធទ្រង់ធ្វើចតុអង្គសន្និបាត ទី២. ដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣. ព្រះពុទ្ធដាក់អាយុសង្ខារ។

ចតុអង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គ ឬហេតុ៤យ៉ាង គឺទី១. ជាថ្ងៃឧបោសថ ដែលមានព្រះច័ន្ទពេញវង់ល្អ ទី២. ជាថ្ងៃដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣. ព្រះភិក្ខុសង្ឃទាំងអស់នោះសុទ្ធសឹងតែជាព្រះអរហន្ត និងទី៤. ព្រះភិក្ខុសង្ឃទាំងអស់នោះសុទ្ធសឹងតែជាឯហិភិក្ខុ។ រីឯការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឱ្យរួចផុតទុក្ខដូចជាសេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឱ្យផូរផង់ ការមិនពោលពាក្យតិះដៀលនិងការមិនបៀតបៀនគ្នា ជាដើម។ ចំណែក ការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធកំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គនឹងចូលព្រះនិព្វានដែលជាការលាចាកលោកនេះដោយពុំមានការវិលត្រឡប់មកយកកំណើតវិញឡើយ។ រយៈពេល៣ខែក្រោយព្រះអង្គក៏ចូលព្រះនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សាជាប្រាកដ។

ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើងគឺជាការសន្សំនូវបុញ្ញនិធិរបស់ញាតិញោមពុទ្ធបរិស័ទសម្រាប់ជាតិនេះ និងអនាគតជាតិ និងជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រក៏ដូចជាការរួបរួមសាមគ្គីគ្នារវាងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធសាសនិកឱ្យកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀតផង។

សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជាត្រូវបានចាត់ទុកជាបុណ្យសាសនាដ៏ធំមួយដែលអ្នកកាន់ព្រះពុទ្ធសាសនាព្រះពុទ្ធទូទាំងពិភពលោកតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយក្នុងឱកាសនេះដែរក៏មានការនិមន្តនិងអញ្ជើញចូលរួមពីពុទ្ធបរិស័ទ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក ប្រមាណជិត១ពាន់នាក់៕
ដោយ ស៊ុម វណ្ណា





