កងពលតូចថ្មើរជើងលេខ៥១ ជំរុញបង្កបង្កើនផលចិញ្ចឹមសត្វផ្គត់ផ្គង់អង្គភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥--កងពលតូចថ្មើរជើងលេខ៥១បាន និងកំពុងជំរុញនៅតាមបណ្តាកងឯកភាពចំណុះទាំងអស់ឱ្យបន្តការយកចិត្តទុកដាក់ដល់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ពហូបប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់ ឆ្ងាញ់ តាមផែនការរបស់ថ្នាក់លើជាពិសេសជួយសម្រួលដល់គ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ហើយផលិតផលលើសតម្រូវការនោះបានដាក់លក់នៅលើផ្សារសហគមន៍ ក្នុងទីរួមខេត្តបន្ទាយមានជ័យ ចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភានេះ។ នេះជាប្រសាសន៍លើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ផងដែរថា បណ្តាអង្គភាពចំណុះបានធ្វើការដាំដុះបន្លែចម្រុះ និងការងារចិញ្ចឹមសត្វមានគោជ្រូកមាន់ទា តាមផែនការរបស់កងពលតូចថ្មើរជើងលេខ៥១។ បន្លែចម្រុះ ត្រីសាច់មាន់ទា ផលិតផលមួយចំនួនបានលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារសហគមន៍ក្នុងខេត្តបន្ទាយមានជ័យ រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ដើម្បីសន្សំថវិកាជួយកសាងអង្គភាព និងជួយឧបត្ថម្ភក្នុងកិច្ចការងារមនុស្សធម៌ផងដែរ។

លោកឧត្តមសេនីយ៍បានឱ្យដឹងបន្ថែមទៀតថា ភាពលេចធ្លោលើការបង្កបង្កើនផលនេះដូចជាកងកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ដែលកម្លាំងមួយផ្នែកកំពុងតែបំពេញបេសកកម្មប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ កម្លាំងមួយផ្នែកទៀតបំពេញបេសកកម្មសហការចូលរួមទប់ស្កាត់បទល្មើសកាប់ទន្រ្ទានដីព្រៃឈើខុសច្បាប់ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមួយផ្នែកទៀតបំពេញបេសកកម្មសហការចូលរួមទប់ស្កាត់បង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅបឹងទន្លេសាប ហើយកម្លាំងមួយផ្នែកទៀតនៅខាងក្រោយ បានខិតខំបង្កបង្កើនផល-ចិញ្ចឹមសត្វ ដើម្បីប្រមូលផលបន្លែចម្រុះ និងសាច់ផ្គត់ផ្គង់ឱ្យដល់កម្លាំងអន្តរាគមន៍ដែលបំពេញបេសកកម្ម ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខុមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។

លោកបានឱ្យដឹងទៀតថា ក្រុមការងារត្រួតពិនិត្យការបង្កបង្កើនផល និងចិញ្ចឹមសត្វរបស់កងពលតូចថ្មើរជើងលេខ៥១តែងតែចុះពិនិត្យ និងណែនាំពីវិធីថែទាំដំណាំ ការចិញ្ចឹមសត្វឱ្យទទួលបានផលល្អប្រសើរនោះ៕


ដោយ ឈុន សារ៉ាត





