រដ្ឋបាលព្រៃឈើរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីនាំចេញ នាំចូលផល អនុផលព្រៃឈើ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥--
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការជាមួយអង្គការ Program of Endorsement of Forest Certification (PEFC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “នីតិវិធីនាំចេញ-នាំចូលផល អនុផលព្រៃឈើរបស់រដ្ឋបាលព្រៃឈើ និងការអភិវឌ្ឍវិញ្ញាបនបត្រព្រៃឈើសកល” នៅសណ្ឋារគារសាន់វេ ដោយមានវត្តមានរបស់លោក ឈុន ឌឺលុច ប្រធាននាយកដ្ឋានឧស្សាហកម្មព្រៃឈើ និងសហប្រតិបត្ដិការអន្តរជាតិ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្ដីអគ្គនាយកដ្ឋានកៅស៊ូ មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល អង្គការ PEFC និងវិស័យឯកជន សរុបចំនួន៤០ នាក់។

គោលបំណងសំខាន់ៗនៃសិក្ខាសាលាផ្សព្វផ្សាយនេះគឺដើម្បី៖ ទី១. ធ្វើការផ្សព្វផ្សាយនីតិវិធីក្នុងការនាំចេញ នាំចូលផល អនុផលព្រៃឈើរបស់រដ្ឋបាលព្រៃឈើ ទី២. ការអភិវឌ្ឍ និងតម្រូវការរៀបចំវិញ្ញាបនបត្រព្រៃឈើសកល អនុលោមតាមស្ដង់ដារយោងរបស់ PEFC និង ទី៣. បទប្បញ្ញត្ដិថ្មីរបស់សហគមន៍អឺរ៉ុបទាក់ទងនឹង EU-DR។

ជាលទ្ធផលសិក្ខាសាលាបានសម្រេច និងឯកភាពនូវផែនការសកម្មភាព និងពេលវេលាសម្រាប់អភិវឌ្ឍប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើ (Cambodia Forest Certification System) សម្រាប់ឆ្នាំ២០២៥ រួមទាំងការអភិវឌ្ឍស្ដង់ដារព្រៃឈើជាតិ ការបង្កើតលេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសសម្រាប់រៀបចំវិញ្ញាបនបត្រខ្សែសង្វាក់ផលិតកម្ម (Chain of Custody Certification) និងវិញ្ញាបនបត្រគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្ដរភាព (Sustainable Forest Management Certification)៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលព្រៃឈើ)





