ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន នាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដើម្បីធ្វើការងារមនុស្សធម៌ ឧបត្ថម្ភដល់អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលជួបការលំបាក និង រងគ្រោះ ដោយគ្រោះមហន្តរាយនានា នៅទូទាំងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក លោកស្រី មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ដល់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន និងគ្រួសារអតីតយុទ្ធជនមានជីវភាពរស់នៅរបស់បងប្អូនដែលជួបការលំបាកដោយប្រការផ្សេងៗ បើទោះបីបងប្អូនមានពិការភាពដោយសារតែសង្គ្រាម តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែករាជរដ្ឋាភិបាលទាំងស្រុងនោះឡើយ និងកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្ដែងការស្ញប់ស្ញែងចំពោះភាពឧស្សាហ៍ព្យាយាមរបស់នាយទាហាន ពលទាហាន និង អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និងចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅមានភាពប្រសើរមួយកម្រិតថែមទៀត និងមានសេចក្ដីសោមន្សរីករាយពេលឃើញបងប្អូនប្រឹងប្រែងឧស្សាហ៍ព្យាយាម ដើម្បីកសាងជីវភាពបែបនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជំនួសមុខឱ្យមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែឧបត្ថម្ភសម្ភារ និង គ្រឿងឧបភោគបរិភោគដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឱ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ៕

ដោយ បៃ ស៊ីថុន





