អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចុះពិនិត្យការគ្រប់គ្រងអតីតទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាជ្ញាធរក្រុងបាវិតធ្វើការបង្ក្រាបរួចហើយ
AKP ស្វាយរៀង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៧៩នាក់ មកពី ៣៩អង្គភាព នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តធ្វើដំណើរចុះយកព័ត៌មាននៅកាស៊ីណូមួយទៀត ស្ថិតនៅក្នុងក្រុងបាវិត ខេត្ដស្វាយរៀង បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់នៅទីតាំងអតីតមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ស្ថិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
ការចុះពិនិត្យរបស់អ្នកសារព័ត៌មាននេះ ធ្វើឡើងក្រោមការសម្របសម្រួលពីក្រសួងព័ត៌មាន ដោយមានការចូលរួមពីអភិបាលខេត្ត ព្រះរាជអាជ្ញា សមាជិកលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។ ការចុះផ្តិតយករូបភាពនៅទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នាពេលនេះ មានគោលបំណងពិនិត្យមើលលទ្ធផលនៃការបង្ក្រាបនាពេលកន្លងមក ដើម្បីបង្ហាញការពិតថា កម្ពុជា លែងមានមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញទ្រង់ទ្រាយធំទៀតហើយ ព្រមទាំងទទួលបានព័ត៌មានលម្អិតអំពីវិធានការច្បាប់ដែលត្រូវអនុវត្តន៍បន្តបន្ទាប់ក្រោយការបង្ក្រាប។

ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា កាស៊ីណូ «Golden Galaxy» ដែលអ្នកសារព័ត៌មានមកពិនិត្យមើលនេះ ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយម្ចាស់ទីតាំងជាជនជាតិចិន ឈ្មោះ ហុង ស៊ីងជឺ និងមានជនជាតិវៀតណាម ២នាក់ បានជួលបន្តដើម្បីរៀបចំប្រព្រឹត្តបទល្មើស Online Scams គឺឈ្មោះ ឡេ វ៉ាន់ង្វៀន និងឈ្មោះ ង្វៀន វ៉ាន់វិញ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញអ្នកចូលរួមប្រព្រឹត្តបទល្មើសចំនួន ២៤៤នាក់ ដោយមាន ៤សញ្ជាតិ រួមមាន កូរ៉េ វៀតណាម ចិន និងកម្ពុជា ក្នុងនោះជនជាតិវៀតណាម មានចំនួនច្រើនជាងគេ រហូតដល់ ១៨២នាក់។ ឯកឧត្ដមបន្ដថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួន និងឃុំខ្លួនមេខ្លោងចំនួន ៣នាក់។ ចំពោះជនជាប់សង្ស័យផ្សេងទៀត សមកិច្ចបានរៀបចំនីតិវិធីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើមាតុភូមិនិវត្តន៍តាមច្បាប់ជាធរមាន។


ឯកឧត្តម អភិបាលខេត្ដបានលើកឡើងថា ទីតាំងនេះ ប្រព្រឹត្តបទល្មើស Online Scams ក្រោមរូបភាពក្លែងបន្លំជាមន្ត្រី ដើម្បីអូសទាញមនុស្សឱ្យឆ្លងដែនទៅធ្វើការនៅតាមគោលដៅរបស់ខ្លួន។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា៖ «ការក្លែងបន្លំជាមន្ត្រីហ្នឹង គឺបើទិសដៅគាត់បោកទៅប្រទេសណា គាត់បន្លំជាមន្ត្រីប្រទេសហ្នឹង។ បើថាចិន គាត់បន្លំជាមន្ត្រីចិន បើថាវៀតណាម គាត់បន្លំជាមន្ត្រីវៀតណាម។ មិនមែនទាំងអស់ទេ អ្នកខ្លះគាត់យកទីតាំងប្រទេសកម្ពុជា ប៉ុន្តែគាត់បោកបន្តទៅប្រទេសផ្សេង ដោយសារគាត់មានសាខារបស់គាត់នៅទីនោះ»។
ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍សា បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះបង្ក្រាបត្រូវបានគ្រោងធ្វើតាំងពីមុនថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មកម៉្លេះ បន្ទាប់ពីមានការសង្ស័យថាមានបង្កប់សកម្មភាព Online Scams ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយសារម្ចាស់អគារអះអាងថា បានបិទដើម្បីជួសជុលសំណង់ឡើងវិញ។ ប៉ុន្តែរូបភាពនៃការជួសជុលនេះ ជាការភូតកុហក ដោយយកការដ្ឋានជួសជុលមកបិទបាំងអំពើឆបោកតែប៉ុណ្ណោះ។ ឯកឧត្តម អះអាងថា៖ «គាត់ជួសជុលបណ្តើរ គាត់លួចបើក និងលួចប្រព្រឹត្តបណ្តើរដែលយើងអត់ដឹង។ គាត់យករូបភាពនេះមកបំភាន់ភ្នែកអាជ្ញាធរ។ ប៉ុន្តែ ដោយសារយើងសង្ស័យខ្លាំង ហើយមានភ្នាក់ងារស៊ើបការណ៍របស់យើងបោះដៃមកថាគឺមាន ទើបយើងចុះមកទាំងកំពុងតែជួសជុលតែម្តង។ យើងក៏រកឃើញមាននៅអគារកាស៊ីណូនេះនៅជាន់ទី៧ និងអគារនៅខាងក្រោយនេះទៀត។ ពេលយើងចុះបង្ក្រាប យើងឃើញមាន Laptop ទូរស័ព្ទដៃ និងទង់ជាតិនៃជាតិសាសន៍ដែលត្រូវឆបោកជាដើម»។


ឯកឧត្តម អភិបាលខេត្ដបាន បានឱ្យដឹងទៀតថា មកទល់ពេលនេះ ទីតាំងឆបោក (scam compound) លែងមានទៀតហើយ។ ប៉ុន្តែឧក្រិដ្ឋជនកំពុងតែបត់បែន និងសម្របខ្លួនទៅតាមវិធានការរបស់សមត្ថកិច្ច ដោយបំបែក និងលាក់កម្លាំងនៅតាមកន្លែងតូចៗ ដូចជាផ្ទះជួល បន្ទប់ជួល តាមរទេះ ឬរថយន្តជាដើម។
សូមជម្រាបជូនថា ក្នុងខេត្តស្វាយរៀង មានកាស៊ីណូសរុប ២៨ទីតាំង ហើយកាស៊ីណូដែលឈានទៅដល់ការបង្ក្រាប និងត្រូវបានដកអាជ្ញាប័ណ្ណ មានចំនួន ៣ទីតាំង ក្នុងនោះនៅក្រុងបាវិតចំនួន ២ទីតាំង និងនៅស្រុកចន្ទ្រា ចំនួន ១ទីតាំង។ ចំពោះនៅក្រុងបាវិត មានកាស៊ីណូមួយទៀតកំពុងស្ថិតក្នុងនីតិវិធីតុលាការដើម្បីដកអាជ្ញាប័ណ្ណ ដែលចំនួនការស៊ីណូត្រូវដកអាជ្ញាប័ណ្ណសរុបកើនឡើងដល់ ៤ទីតាំង។


ឯកឧត្តម ហៃ មករា សមាជិកលេខាធិការដ្ឋាន នៃគ.ប.ឆ.ប.បានឱ្យដឹងថា គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបទីតាំងបទល្មើស Online Scam ចំនួន ៦៦៣ទីតាំង ដោយក្នុងចំណោមនោះ បានបិទ និងគ្រប់គ្រងមណ្ឌលឆបោកចំនួន ៨៦ទីតាំង(scam compounds) ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ឯកឧត្ដមបានបន្ដទៀតថា ទន្ទឹមគ្នានេះ ថវិកាជាង ៣០០លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារ ក៏ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់៕
ដោយ៖ រិទ្ធី





