ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធដែលបានចូលរួមថែរក្សា និងអភិរក្សបានយ៉ាងខ្ជាប់ខ្ជួន និងជួសជុលប្រាសាទបន្ទាយឆ្មារ
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥--ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់ភាគីដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមថែរក្សា និងអភិរក្សបានយ៉ាងខ្ជាប់ខ្ជួន ជាពិសេសការដឹកនាំ ចាត់ចែង សហការស្រាវជ្រាវ និងជួសជុលប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អស់រយៈពេលជិត២០ឆ្នាំ ក្រោមឥទ្ធិពលនៃកម្ដៅថ្ងៃ ខ្យល់ ភ្លៀងរលឹម ពីសំណាក់មន្ត្រីជំនាញ និងក្រុមការងារជួសជុលប្រាសាទ រហូតដល់សម្រេចបាននូវសមិទ្ធផលដែលត្រូវរៀបចំពិធីសម្ពោធឆ្លងនេះ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងឱកាសបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ ដែលប្រារព្ធធ្វើឡើងនៅបរិវេណប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយមានវត្តមានរបស់លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ពន្ធ័ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា ប្រាសាទបុរាណបន្ទាយឆ្មារគឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ និងប្រជាជន ក្នុងនោះរាជរដ្ឋាភិបាលកំពុងរៀបចំដាក់បញ្ចូលប្រាសាទបន្ទាយឆ្មារជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ។ ពិធីសម្ពោធនេះគឺជាសមិទ្ធផលដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ និយាយជារួម និងនិយាយដោយឡែក គឺសម្រាប់ប្រទេសជាតិទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែការដាក់សម្ពោធ និងការជួសជុលនេះ ជាការរួមចំណែករបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន និងសប្បុរសជនមួយចំនួនទៀតក៏ពិតមែន ប៉ុន្តែសមិទ្ធផលនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ពោលគឺជាសមិទ្ធផលរួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាល។ ក្នុងឆ្នាំ២០២៤ កន្លងទៅមានទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាក្នុងខេត្តបន្ទាយមានជ័យ មានចំនួនរហូតទៅដល់ជាង២០ម៉ឺននាក់។ ដូចនេះអ្វីដែលត្រូវធ្វើបន្តទៀត គឺការរួមគ្នាថែរក្សាអភិរក្សនូវកេរដំណែលដ៏អស្ចារ្យ និងមានតម្លៃមួយនេះ ឱ្យកាន់ល្បីល្បាញបន្ថែមទៀត ដើម្បីទាញការវិនិយោគ ក៏ដូចជាភ្ញៀវទេសចរឱ្យមកចូលទស្សនាកាន់តែច្រើនឡើង រួមទាំងការថែរក្សាអនាម័យក្តី សេវាកម្មក្តី ត្រូវមានភាពរួសរាយរាក់ទាក់ ជាផ្នែកមួយលើកកម្ពស់ដល់មុខមាត់ប្រទេសជាតិ ជាពិសេសធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងក្នុងតំបន់។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថា កត្តាដែលជំរុញឱ្យលោកតាលោកយាយ អ៊ំពូមីបងប្អូន សិស្សានុសិស្ស បានអង្គុយជួបជុំគ្នាទស្សនានូវសមិទ្ធផលដ៏ត្រចះត្រចង់ ផុសចេញជារូបរាងដ៏ប្រណិតនាពេលនេះ គឺដោយសារតែពាក្យថា«សន្តិភាព» ដែលបានមកពីការខិតខំរបស់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រំដោះជាតិចាប់ពីសម័យសង្គ្រាម និងបន្តមកដល់បច្ចុប្បន្នដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថាប្រាសាទបន្ទាយឆ្មារ កសាងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ចន្លោះពីឆ្នាំ១១៨១ - ឆ្នាំ១២១៨ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ រចនាបថតាមជញ្ជាំងថែវរបស់ប្រាសាទបន្ទាយឆ្មារមានចម្លាក់បង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពិធីសាសនា ចម្បាំងខ្មែរ-ចាម រាជកិច្ច ជីវភាពប្រចាំថ្ងៃ សកម្មភាពនៅទីផ្សារ និងរឿងកូរសមុទ្រទឹកដោះផងដែរ៕
ដោយ ឈុន សារ៉ាត





