រដ្ឋបាលស្រុកថ្ពងចុះអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥--ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន អន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបចំពិធីជួបសំណេះសំណាល និងអប់រំផ្សព្វផ្សាយពីបញ្ហាប្រឈមមួយចំនួនដល់ប្អូនៗសិស្សានុសិស្សក្នុងវិទ្យាល័យនោះ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក សេង សុវណ្ណា អភិបាលរងនៃគណៈអភិបាលស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថ្ពង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរ ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ស្រុក លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនអន្លង់ជ្រៃយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក សេង សុវណ្ណា បានមានប្រសាសន៍បញ្ជាក់ស្ដីពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ពិសេសច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀនបញ្ហាក្មេងទំនើង និងអនាម័យបរិស្ថាន និងបានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវចំណេះដឹងដែលផ្តល់ឱ្យដោយលោកគ្រូអ្នកគ្រូ ចៀសវាងឱ្យឆ្ងាយពីអំពើអបាយមុខនានា ដើម្បីកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ពិសេស ត្រូវខិតខំកែលម្អបរិស្ថានសាលារៀន ឱ្យក្លាយជាសាលាបៃតង ជាទីមេត្រី សម្រាប់សិស្សានុសិស្សដូចពាក្យស្លោកមួយឃ្លាពោលថា"សាលារៀនស្អាត ភូមិ ឃុំគ្មានសំរាម"។

ចំពោះក្មេងទំនើងក្នុងសាលា លោកសេង សុវណ្ណា បានជំរុញឱ្យអាជ្ញាធរ ប្រសិនបើមាន ត្រូវចុះកំណត់មុខសញ្ញាឱ្យបានច្បាស់លាស់ ដើម្បីការពារ និងចៀសវាងជនទាំងនោះបង្កផលប៉ះពាល់ គ្រោះថ្នាក់ដល់អ្នកដទៃ ពិសេសត្រូវកោះហៅអប់រំណែនាំ និងពិនិត្យសារធាតុញៀន ព្រមទាំងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុតលើជនទាំងនោះផងដែរ។

ក្នុងឱកាសនោះដែរ លោក សេង សុវណ្ណា បានធ្វើការអប់រំផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ផ្លូវគោក ដោយជំរុញឱ្យយុវជនយើងមានការប្រុងប្រយ័ត្ន រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារជីវិតយើងផង និងអ្នកដទៃផង៕


ដោយ លឹម សាន្ត





