រដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ថ្កោលទោសផែនការផ្លាស់ប្តូរទីតាំង នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកសេយេដ អាប់បាស់ អារ៉ាហ្គជី (Seyed Abbas Araghchi) និងសមភាគីអារ៉ាប៊ីសាអូឌីត លោក ហ្វៃសាល ប៊ីន ហ្វារហាន់ អាល់សូដ (Faisal bin Farhan Al Saud) បានថ្កោលទោសផែនការដែលស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)ដើម្បីផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាគ្នាអំពីការវិវត្តនៅក្នុងតំបន់អាស៊ីខាងលិច រួមទាំងតំបន់ហ្គាហ្សា និងទំនាក់ទំនងទ្វេភាគី។
លោក អារ៉ាហ្គជី បាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងការផ្លាស់ប្តូរដោយបង្ខំនៅតំបន់ហ្គាហ្សា ទៅកាន់ប្រទេសផ្សេងទៀត គឺស្របតាម «ការបញ្ចប់នៃផែនការអាណានិគមដើម្បីលុបបំបាត់ប៉ាឡេស្ទីន» ដោយលោកបានអំពាវនាវឱ្យមាន «សកម្មភាពសម្រេចចិត្តរបស់សហគមន៍អន្តរជាតិដើម្បីតបត និងប្រឆាំងការឃុបឃិតគ្នា»។
លោកបានថ្កោលទោសលើការកត់សម្គាល់ «មិនសមហេតុផល»របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបានស្នើឱ្យបង្កើតរដ្ឋប៉ាឡេស្ទីនក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយលោកបានពណ៌នាការកត់សម្គាល់នេះថាជាការបង្ហាញពី «ភាពអសកម្មដែលមិនធ្លាប់មានពីមុនមក និងការគំរាមកំហែងប្រឆាំងនឹងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់» ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានគូសបញ្ជាក់ជំហរ«ថេរ» របស់ប្រទេសលោក លើការប្រឆាំងដាច់ខាតចំពោះផែនការណាមួយក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនដោយបង្ខំពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសដទៃទៀត។
លោកបានស្វាគមន៍ចំពោះសំណើរបស់ប្រទេសអ៊ីរ៉ង់សម្រាប់រៀបចំកិច្ចប្រជុំអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដើម្បីអនុម័ត និងប្រកាស«ជំហររួបរួមប្រឆាំងនឹងការឃុបឃិតគ្នា»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





