អ៊ីរ៉ង់ និងតួកមេនីស្ថាន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងថាមពល
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ -- មេដឹកនាំអ៊ីរ៉ង់ និងតួកមេនីស្ថាន បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យថាមពល និងដឹកជញ្ជូន។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេគីអាន (Masoud Pezeshkian) និងជាប្រធានក្រុមប្រឹក្សាប្រជាជនតួកមេនីស្ថាន លោក ហ្គួបានហ្គូលី បឺឌីមូហាមេដូវ (Gurbanguly Berdimuhamedov) បានបង្ហាញពីឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតតំបន់ និងអន្តរជាតិ។
លោក ប៉េហ្សេគីអាន បានចង្អុលបង្ហាញពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអគ្គិសនី និងថាមពល ដោយលោកបានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ង់ និងតួកមេនីស្ថាន «ជារដ្ឋជិតខាងពីរដែលមានទំនាក់ទំនងជាបងប្អូន»អាចសហការគ្នាក្នុងវិស័យជាច្រើន រួមទាំងការផ្លាស់ប្តូរឧស្ម័ន ការដឹកជញ្ជូននិងការផ្លាស់ប្តូរអគ្គិសនី។
លោក ប៉េហ្សេគីអាន បាននិយាយថា ប្រទេសអ៊ីរ៉ង់បានស្វែងរកការលើកកម្ពស់សន្តិភាព និងមិត្តភាពនៅក្នុងតំបន់ និងពិភពលោក ហើយស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកមេនីស្ថាន និងប្រទេសដទៃទៀតរហូតដល់ទីបញ្ចប់។
លោក បឺឌីមូហាមេដូវ បានយល់ព្រមជាមួយលោក ប៉េហ្សេគីអាន អំពីទិសដៅសហប្រតិបត្តិការដែលបានស្នើឡើង។ លោកបានអបអរសាទរលោក ប៉េហ្សេគីអាន នៅខួបលើកទី៤៦ នៃជ័យជំនះបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់ប្រទេសអ៊ីរ៉ង់។ លោកក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលើកកម្ពស់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវសន្តិភាព និងមិត្តភាពក្នុងតំបន់ និងពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





