គណៈប្រតិភូធុរកិច្ចចិនធ្វើទស្សនកិច្ចនៅកាហ្សាក់ស្ថាន ដើម្បីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) បានឱ្យដឹងថា គណៈប្រតិភូសហគ្រិនចិនមកពីផ្នែកហិរញ្ញវត្ថុ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ឆ្លាតវៃ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
គណៈប្រតិភូដឹកនាំដោយ លោក រេន ហុងប៊ីន (Ren Hongbin)ប្រធានក្រុមប្រឹក្សា CCPIT រួមទាំងតំណាងមកពីសហគ្រាសចិនជាង៣០សហគ្រាស ដូចជាក្រុមហ៊ុន CITIC Group ក្រុមហ៊ុន China National Petroleum Corporation (CNPC) ក្រុមហ៊ុន Sinopec ក្រុមហ៊ុន China National Offshore Oil Corporation និងក្រុមហ៊ុន Sinochem Holdings។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ និងជំរុញលទ្ធផលដែលមានផលប្រយោជន៍ទៅវិញទៅមក។
លោក វូ ជុនលី (Wu Junli) អនុប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនPetroChina Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CNPC បាននិយាយថា កិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសចិន និងកាហ្សាក់ស្ថានក្នុងវិស័យប្រេង និងឧស្ម័ន គឺជាការបំពេញបន្ថែមយ៉ាងច្រើន។ លោកបានកត់សម្គាល់ថា ក្រុមហ៊ុនរបស់លោកបានបង្កើតភាពជាដៃគូរយៈពេលវែង និងមានស្ថិរភាពជាមួយដៃគូប្រទេសកាហ្សាក់ស្ថានហើយបានបង្ហាញពីការរំពឹងទុកខ្ពស់សម្រាប់ភាពជាដៃគូនេះ។
លោក ហ្សូ ក្វាងមេយ (Zhu Guangmei) អគ្គនាយករងនៃក្រុមហ៊ុនBeijing Tegene Robots Co., Ltd. បាននិយាយថា «យើងសង្ឃឹមថានឹងចូលរួមក្នុងការផ្លាស់ប្តូរស៊ីជម្រៅជាមួយសហគ្រាសដឹកជញ្ជូននៅប្រទេសកាហ្សាក់ស្ថាន និងកន្លែងផ្សេងទៀតនៅតំបន់អាស៊ីកណ្តាលតាមរយៈភាពជាដៃគូនេះ» លោកបានបន្ថែមថា ក្រុមហ៊ុនមានគោលបំណងលើកកម្ពស់ការរួមបញ្ចូលឧបករណ៍ដឹកជញ្ជូនឆ្លាតវៃជាមួយនឹងតម្រូវការរបស់ក្រុមហ៊ុនក្នុងស្រុក ដោយហេតុនេះទើបមានការកែលម្អប្រសិទ្ធភាព និងការសម្រេចបាននូវលទ្ធផលឈ្នះ-ឈ្នះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





