លោក ស៊ី ចូលរួមរំលែកទុក្ខចំពោះមរណភាពប្រធានស្ថាបនិកប្រទេសណាមីប៊ី
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចូលរួមរំលែកទុក្ខដល់សមភាគីណាមីប៊ី លោក ណានហ្គោឡូ ប៊ូមបា (Nangolo Mbumba) ចំពោះមរណភាពរបស់ លោកសាម នូចូម៉ា (Sam Nujoma) ប្រធានស្ថាបនិករបស់ប្រទេសណាមីប៊ី។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន លោក ស៊ី បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់លោក នូចូម៉ា និងបានសម្តែងការអាណិតអាសូរដោយស្មោះចំពោះក្រុមគ្រួសាររបស់លោក នូចូម៉ារដ្ឋាភិបាល និងប្រជាជនណាមីប៊ី។
លោក ស៊ី បាននិយាយថា លោក នូចូម៉ា គឺជាបុរសរដ្ឋ និងជាអ្នកបដិវត្តន៍នៃមនុស្សជំនាន់ចាស់នៅទ្វីបអាហ្រ្វិក ដែលបានចូលរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការដឹកនាំប្រជាជនណាមីប៊ី ស្វែងរកឯករាជ្យជាតិ និងរំដោះជាតិ ហើយជាមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌរបស់ប្រទេស។
លោក ស៊ី បាននិយាយថា ពេញមួយជីវិតរបស់លោកនៅតែជាមិត្តដ៏រឹងមាំរបស់ប្រទេសចិន និងបានលើកកម្ពស់យ៉ាងសកម្មនូវទំនាក់ទំនងមិត្តភាពប្រពៃណីចិន-ណាមីប៊ី និងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។
ដោយកត់សម្គាល់ថា មរណភាពរបស់លោក នូចូម៉ា គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជនណាមីប៊ី លោក ស៊ី បាននិយាយថា ប្រជាជនចិនក៏បានបាត់បង់មិត្តចាស់ និងជាទីស្រឡាញ់ផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





