កូរ៉េខាងត្បូង និងអូស្ត្រាលី យល់ព្រមបង្កើតផ្លូវដឹកជញ្ជូនបៃតងនៅឆ្នាំ២០២៩ សម្រាប់អព្យាក្រឹតភាពកាបូន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងមហាសមុទ្រ និងនេសាទរបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង និងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងមួយដើម្បីបង្កើតផ្លូវដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៩ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការបញ្ចេញកាបូន។
យោងតាមក្រសួងមហាសមុទ្រ និងនេសាទ បានឱ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សំដៅលើដំណើរការច្រករបៀងដឹកជញ្ជូន«បៃតង» ដែលចាប់ផ្តើមនៅឆ្នាំ២០២៩។
ក្រសួងបាននិយាយថា រដ្ឋមន្ត្រីមហាសមុទ្រ និងនេសាទ លោក កាង ដូយ៉ុង (Kang Do-hyung) បានទទូចថា ច្រករបៀងដឹកជញ្ជូនបៃតងនឹងក្លាយជា «ឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូន» នៅក្នុងឧស្សាហកម្មដឹកជញ្ជូន។
នៅក្រោម MOU ប្រទេសកូរ៉េខាងត្បូង និងអូស្ត្រាលី នឹងសហការគ្នាដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៃឧស្សាហកម្មដឹកជញ្ជូនសកលនៅឆ្នាំ២០៥០ និងឆ្លើយតបទៅនឹងបទប្បញ្ញត្តិរបស់អង្គការដែនសមុទ្រអន្តរជាតិស្តីពីការបំភាយកាបូន។
ប្រទេសទាំងពីរក៏នឹងរួមដៃគ្នាដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ឧស្សាហកម្មដឹកជញ្ជូន។ នេះបើយោងតាមក្រសួង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





