ស្លាប់ម្នាក់ និងរបួសម្នាក់ក្នុងការផ្ទុះធុងស្តុកប្រេងនៅទីក្រុងអ៊ុលសាន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមមន្ត្រីបាននិយាយថា ធុងស្តុកប្រេងមួយនៅភាគអាគ្នេយ៍នៃទីក្រុងអ៊ុលសាន បានផ្ទុះកាលពីថ្ងៃច័ន្ទបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
យោងតាមអាជ្ញាធរពន្លត់អគ្គីភ័យ បានឱ្យដឹងថា ការផ្ទុះបានកើតឡើងនៅរោងចក្រមួយក្នុងទីក្រុងអ៊ុលសាន មានចម្ងាយប្រហែល ៣១០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល នៅម៉ោង ១១:១៥នាទីព្រឹក។ មនុស្សទាំងពីរនាក់ជាកម្មករដែលបានបើកធុងដើម្បីពិនិត្យកម្រិតសារធាតុគីមីនៅខាងក្នុងនាពេលផ្ទុះ។
កម្មការិនីម្នាក់ក្នុងវ័យជាង ៣០ឆ្នាំបានសន្លប់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលកម្មការិនីនេះបានទទួលការវះកាត់ ប៉ុន្តែត្រូវបានប្រកាសថាបានស្លាប់នៅពេលរសៀល។ ចំណែកកម្មករម្នាក់ទៀតរងរបួស ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ។
ភ្លើងបានរលត់ទៅវិញបន្ទាប់ពីបានឆាបឆេះប្រហែល ៣ម៉ោង ខណៈដែលអ្នកពន្លត់អគ្គីភ័យជាង ២៣០នាក់ និងសម្ភារៈចំនួន ៤៤ឈុត រួមទាំងម៉ាស៊ីនពន្លត់អគ្គីភ័យត្រូវបានចល័តសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ។ប្រធានាធិបតីស្តីទី លោក ចយ សាងម៉ុក (Choi Sang-mok) បានផ្តល់ការណែនាំជាបន្ទាន់ក្នុងការពង្រាយអ្នកពន្លត់អគ្គីភ័យដែលមានទាំងអស់ដើម្បីពន្លត់ភ្លីង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





