រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ អូស្ត្រាលីកំពុងធ្វើការលើការលើកលែងពន្ធដែកថែប និងអាលុយមីញ៉ូមពីសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា ខ្លួនកំពុងធ្វើការលើករណីលើកលែងពន្ធពីសហរដ្ឋអាមេរិកក្នុងការនាំចូលដែកថែប និងអាលុយមីញ៉ូម។
លោក ដុន ហ្វារេល (Don Farrell) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលសហព័ន្ធកំពុងធ្វើការរួចហើយលើការរក្សាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដោយបើកចំហ និងសេរី។
លោក ហ្វារេល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានធ្វើឱ្យមានករណីជាប់លាប់សម្រាប់ពាណិជ្ជកម្មសេរី និងយុត្តិធម៌ រួមទាំងការចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រាប់ដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសអូស្ត្រាលី»។
លោកបាននិយាយថា ដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសអូស្ត្រាលីបង្កើតការងាររាប់ពាន់កន្លែង ដោយទទួលបាន «ប្រាក់ខែខ្ពស់» នៅសហរដ្ឋអាមេរិក ហើយនេះជាគន្លឹះសម្រាប់ផលប្រយោជន៍ការពារជាតិរួមគ្នា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកគ្រោងនឹងប្រកាសជាផ្លូវការចំពោះពន្ធ ២៥% លើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់មកកាន់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បាណេស (Anthony Albanese) បានប្រាប់សភាសហព័ន្ធនៅទីក្រុងកង់បេរ៉ា កាលពីថ្ងៃចន្ទ (ម៉ោងក្នុងស្រុក) ថា លោកបានកំណត់ពេលនៃ «ការពិភាក្សា» អំពីពន្ធថ្មីជាមួយលោក ត្រាំ ។
យោងតាមសាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី បានឱ្យដឹងថា ប្រទេសអូស្ត្រាលីបាននាំចេញដែកថែប ២២៣.០០០តោន និងអាលុយមីញ៉ូម៨៣.០០០ តោនទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤។ អតីតរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក ម៉ាល់កូម ទួនប៊ូល (Malcolm Turnbull) ក្នុងឆ្នាំ២០១៨ បានចរចាដោយជោគជ័យលើការលើកលែងពីពន្ធដែកថែប និងអាលុយមីញ៉ូមរយៈពេលដំបូងរបស់លោក ត្រាំ ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





