នាយករដ្ឋមន្ត្រីប៉ាគីស្ថាននឹងធ្វើទស្សនកិច្ចនៅអេមីរ៉ាតអារ៉ាប់រួម ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងការបរទេសបាននិយាយថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក (WGS)។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំកំពូលនេះនឹងនាំមកនូវការប្រមូលផ្តុំជាច្រើននៃប្រមុខរដ្ឋ អ្នកបង្កើតគោលនយោបាយពិភពលោក និងឥស្សរជនវិស័យឯកជនឈានមុខគេដើម្បីពិភាក្សាអំពីអនាគតនៃអភិបាលកិច្ច ការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្នុងកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាគន្លឹះនៅឯកិច្ចប្រជុំ WGS ដោយបង្ហាញពីចក្ខុវិស័យរបស់ប្រទេសប៉ាគីស្ថានសម្រាប់កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថល និងកំណែទម្រង់អភិបាលកិច្ច។
លោក សារីហ្វ ក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំ UAE ក៏ដូចជាចូលរួមជាមួយប្រមុខរដ្ឋមកពីប្រទេសដែលបានចូលរួម និងនាយកប្រតិបត្តិនាំមុខគេនៃក្រុមហ៊ុនពហុជាតិសំខាន់ៗផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





