ជនសកម្មប្រយុទ្ធ ៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធចំនួន ៧នាក់ត្រូវបានសម្លាប់នៅពេលដែលកងទ័ពប៉ាគីស្ថានបានធ្វើប្រតិបត្តិការចំនួន ២នៅក្នុងខេត្តឃីបឺ ប៉ាកទុនខ្វា (Khyber Pakhtunkhwa) ភាគពាយ័ព្យរបស់ប្រទេស។
ទីភ្នាក់ងារសារព័ត៌មាន ISPR របស់កងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមនៅយប់ថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ។
នៅក្នុងប្រតិបត្តិការមួយនៅទីក្រុងដេរ៉ា អ៊ីស្មែល ខាន់ (Dera Ismail Khan) ជនសកម្មប្រយុទ្ធ ៣នាក់ រួមទាំងប្រតិបត្តិករដ៏សំខាន់ម្នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតបានរងរបួស។
ទីភ្នាក់ងារ ISPR បាននិយាយថា នៅក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅក្នុងស្រុកវ៉ាហ្សីរីស្ថាន (Waziristan) ភាគខាងជើង កងកម្លាំងសន្តិសុខបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៤នាក់បន្ថែមទៀតក្នុងអំឡុងពេលការបាញ់ប្រហារមួយ ដោយក្រុមសកម្មប្រយុទ្ធ ៣នាក់ផ្សេងទៀតបានរងរបួស។
សេចក្តីថ្លែងការណ៍បានបន្ថែមថា កងកម្លាំងសន្តិសុខកំពុងធ្វើប្រតិបត្តិការរុករក និងបោសសម្អាតបន្ថែមទៀតនៅក្នុងតំបន់ ដើម្បីលុបបំបាត់ពួកសកម្មប្រយុទ្ធដែលនៅសេសសល់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





