អាជ្ញាធររំដោះជនចំណាកស្រុកចំនួន ៧៦នាក់ និងរកឃើញសាកសពជនចំណាកស្រុកចំនួន ២៨នាក់នៅប្រទេសលីប៊ី
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ការិយាល័យអគ្គមេធាវីលីប៊ីបានប្រកាសថា សេវាសន្តិសុខនៅក្នុងទីក្រុងគូហ្វ្រា ភាគអាគ្នេយ៍បានដោះលែងជនចំណាកស្រុកចំនួន ៧៦នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមឧក្រិដ្ឋជនហើយបានរកឃើញសាកសពជនចំណាកស្រុកចំនួន ២៨នាក់ដែលកប់នៅជិតកន្លែងឃុំឃាំង។
ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា «នីតិវិធីស៊ើបអង្កេតបានបង្ហាញភស្តុតាងថាមានក្រុមក្មេងទំនើងដែលសមាជិករបស់ពួកគេមានចេតនាឃុំខ្លួនជនចំណាកស្រុកខុសច្បាប់ ធ្វើទារុណកម្ម និងធ្វើបាបពួកគេយ៉ាងឃោរឃៅ ធ្វើឱ្យអាម៉ាស់មុខ និងអមនុស្សធម៌»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សមាជិក ៣នាក់នៃក្រុមឧក្រិដ្ឋជនត្រូវបានចាប់ខ្លួន ខណៈដែលការស្វែងរកសមាជិកដែលនៅសល់កំពុងដំណើរការ។ កាលពីថ្ងៃទី២៩ ខែមករា ការិយាល័យអគ្គមេធាវីបានប្រកាសពីការដោះលែងជនចំណាកស្រុកចំនួន ២៦៣នាក់ដែលត្រូវបានចាប់ឃុំខ្លួនដោយក្រុមឧក្រិដ្ឋជននៅភាគខាងកើតទីក្រុងចាលូ។
ដោយសារតែអសន្តិសុខ និងភាពចលាចលនៅក្នុងប្រទេសចាប់តាំងពីការដួលរលំនៃអតីតមេដឹកនាំ លោក ម៉ាមម៉ារ ហ្គាដដាហ្វី (Muammar Gaddafi) ក្នុងឆ្នាំ២០១១ ជនចំណាកស្រុកជាច្រើនដែលភាគច្រើនជាជនជាតិអាហ្វ្រិកបានជ្រើសរើសយកការឆ្លងកាត់សមុទ្រមេឌីទែរ៉ានេទៅកាន់សហភាពអឺរ៉ុបពីប្រទេសលីប៊ី។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិសម្រាប់ចំណាកស្រុក នៅថ្ងៃអង្គារនេះបានឱ្យដឹងថា មកទល់ពេលនេះ នៅក្នុងឆ្នាំនេះ ជនចំណាកស្រុកសរុបចំនួន ២.៣៩៨នាក់ត្រូវបានស្ទាក់ចាប់នៅសមុទ្រ ហើយត្រឡប់ទៅប្រទេសលីប៊ីវិញ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





