ប្រធានាធិបតីឆាដបង្ហាញការគាំទ្រដល់ប្រទេសកុងហ្គោ ចំពេលមានជម្លោះប្រដាប់អាវុធ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីប្រទេសឆាដលោក ម៉ាហាម៉ាត អ៊ីដ្រីស ដេប៊ី អ៊ីតណូ (Mahamat Idris Deby Itno) បានសម្តែងការគាំទ្រចំពោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងជម្លោះប្រដាប់អាវុធនៅក្នុងទីក្រុងហ្គោម៉ាភាគខាងកើតរបស់ខ្លួន។
លោកប្រធានាធិបតីបាននិយាយនៅលើបណ្ដាញសង្គមហ្វេសបុកថា«បន្ទាប់ពីការអភិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនៃស្ថានភាពនៅក្នុងប្រទេសកុងហ្គោខ្ញុំចង់បង្ហាញពីសាមគ្គីភាព ក្តីមេត្តា និងការគាំទ្ររបស់សាធារណរដ្ឋឆាដចំពោះប្រទេសកុងហ្គោ ប្រជាជន រដ្ឋាភិបាល និងប្រធានាធិបតីរបស់ខ្លួនបងប្រុសរបស់ខ្ញុំគឺ លោក ហ្វេលីក ទីស៊ីសេកេឌី (Felix Tshisekedi)» ។
ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់អនុតំបន់ តំបន់ និងស្ថាប័នអន្តរជាតិ «សម្រាប់ធ្វើសកម្មភាពដើម្បីការពារសន្តិភាព និងសន្តិសុខ»នៅក្នុងប្រទេសកុងហ្គោ លោកបានបន្ថែមថា ប្រទេសឆាដអំពាវនាវឱ្យមានការគោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកុងហ្គោ។
យោងតាមអង្គការសហប្រជាជាតិ មនុស្សជិត ៣.០០០នាក់ត្រូវបានសម្លាប់ និង២.៨៨០នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលចលនាថ្ងៃទី២៣ ខែមីនា របស់ក្រុមឧទ្ទាម (M23) ដែលដណ្តើមបានទីក្រុងហ្គោម៉ា ខេត្តគីវូ នៅភាគខាងកើតប្រទេស។ ក្រុមឧទ្ទាម M23 អះអាងថា ខ្លួនបានគ្រប់គ្រងទីក្រុងនេះតាំងពីថ្ងៃទី២៦ ខែមករា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





